​ស្ថានីយ​ប្រព្រឹត្តកម្ម​សំណល់​ភក់បង្គន់ឲ្យ​ទៅជាជី​កសិ​កម្មដំ​បូង​​គេនៅភ្នំពេញ ត្រូវ​​បាន​ដាក់ឲ្យ​ប្រើ​ប្រា​ស់

ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅរាជធានីភ្នំពេញ ​បានសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនាព្រឹកថ្ងៃទី១៩ ខែ​ឧសភា ឆ្នាំ២០២៣នេះ។ ស្ថានីយប្រព្រឹត្តិកម្ម​សាងសង់ឡើង​ក្នុ​ង​គោល​ដៅ លើកកម្ពស់សុខភាពសាធារណៈ និង​បរិស្ថាន នៅក្នុងរាជធានីភ្នំពេញ ដោយមាន​សមត្ថភាព​ប្រែ​ក្លាយភក់បង្គន់ ឱ្យទៅជាជីកសិកម្ម បាន៧០ម៉ែត្រ​គូប​ក្នុងមួយ​ថ្ងៃ។ 

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញជំនឿជឿជាក់ថា ស្ថានីយ​ប្រព្រឹត្តកម្ម​​​សំណល់​ភក់​ប​ង្គន់ នឹងជួយគ្រប់​គ្រងកាត់បន្ថយការរាយប៉ាយ​សំណល់ភក់បង្គន់ និងជួយ​លើកកម្ពស់អនាម័យ​សាធា​រ​ណៈ ឆ្លើយតបទៅ​នឹងអត្រា​កំណើន​ប្រជា​ពលរដ្ឋ កំណើនសេដ្ឋកិច្ច នគរូប​នីយកម្ម និងការពង្រីក​ទីក្រុង​។

ជាមួយគ្នានេះ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី ( Arianna Ardesi ) លេខាធិការរងអចិន្ត្រៃយ៍សមាគម អន្តរជាតិ​​អភិ​បា​ល​​​ក្រុងប្រើប្រាស់​​ភាសាបារាំង ក៏បានលើកឡើងដែរថា ក្រោយដាក់​សម្ពោធអោយ​ប្រើប្រាស់ស្ថានីយ​ប្រព្រឹត្តិកម្មដំ​បូង​បង្អស់​​នៅរាជធានីភ្នំពេញ  ខាងសមាគម​មិនបោះបង់ចោល​នោះទេ គឺនឹងបញ្ជូនអ្នកបច្ចេកទេស មកជួយដល់ស្ថានីយនេះ សំដៅ​ធ្វើយ៉ាងណា​អោយការងារមួយនេះ​ទទួល​បានជោគជ័យ សម្រាប់សុខមាលភាពប្រជាពលរដ្ឋផងដែរ។

default

គួរបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ បានបើកការដ្ឋានសាងសង់ កាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០២២ ។ ស្ថានីយប្រព្រឹត្តកម្មកាកសំណល់ភក់បង្គន់ មានបច្ចេកវិទ្យាធ្វើ​ប្រព្រឹត្តកម្ម ភក់​​​​បង្គន់ ៧០ម៉ែត្រគូបក្នុងមួយថ្ងៃ មានថ្នាលផ្ទៃរាប​ស្មើហាល​​អោយស្ងួតយកជាតិទឹកចេញពីភក់ល្បាប់ ។

យោងតាមការសិក្សានៅឆ្នាំ២០០១ សំណល់ភក់បង្គន់ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មាន​ចំនួនត្រឹមតែ ២ម៉ឺន​​ម៉ែត្រ​គូបក្នុង​មួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ហើយតាមការប៉ាន់ស្មាន​​នៅឆ្នាំ២០៣៥ សំណល់ភក់​បង្គន់​របស់ប្រជាពល​រដ្ឋ​នៅរាជធានីភ្នំពេញ នឹងកើនឡើងដល់ជាង ៣០ម៉ែត្រគូបក្នុងមួយឆ្នាំ ពោលគឺកើនឡើង​ជិត១៣ដង ៕

អត្ថបទ៖​ សីហា

default