កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំ ក្នុងកិច្ចបន្តការសិក្សាអំពីផលប៉ះពាល់បរិស្ថាន ដែលបណ្ដាលមកពីទឹកសមុទ្របន្តទៅទៀត និងធ្វើការជូនដំណឹងទៅគណៈកម្មាធិការចម្រុះ នៃគណៈកម្មការទន្លេមេគង្គ ដោយស្របតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ទៅលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈរួមមាន៖ ១. សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម, ២. សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ, ៣. របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ និង៤. បញ្ហាផ្សេងៗ៕
អត្ថបទ៖ អក្ខរា