ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ភាពជោគជ័យជាប្រវត្តិសាស្ត្រនៃមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងជាលើកទី១ សម្រាប់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ គឺបានបង្ហាញទៅពិភពលោកថា“កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”។ឯកឧត្តម ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។
ក្នុងនោះ ឯកឧត្តម មានប្រសាសន៍ថា «កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ”។ យើងមានចិត្តធំ ព្រោះយើងបានបន្តអនុវត្តវប្បធម៌ដ៏ផូរផង់របស់ដូនតារាប់ជំនាន់ ហើយក៏បានបន្តមកដល់បច្ចុប្បន្ន ដោយកំណត់ទឹកចិត្តជាធំ មានចិត្ត មានឆន្ទៈមោះមុត ហើយអាចជម្នះឧបសគ្គគ្រប់បែបយ៉ាងដើម្បីសម្រេចជោគជ័យ»។
ដោយឯកឧត្តម បានលើកឡើងថា ជាក់ស្តែង សម្តេចតេជោ និង កម្មាភិបាល ៥ រូប បានយកជីវិតជាដើមទុន ដោយបានចាកចេញពីទឹកដីកំណើតចេញស្វែងរកជំនួយដើម្បីរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាជនកម្ពុជា ដែលនេះ គឺច្បាស់បានបង្ហាញអំពីទឹកចិត្ត ឆន្ទៈ និងមនសិកាស្នេហាជាតិជាធំ ហើយបានប្រែក្លាយជាកត្តាជំរុញយ៉ាងសំខាន់បំផុតក្នុងការលះបង់ តស៊ូ និងប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីផ្តល់ជីវិតទីពីរជូនប្រជាជនខ្មែរជាង ៥ លាននាក់ ហើយបន្តពង្រីកបានជាង ១៧ លាននាក់ទៀតនៅក្រោយ ៤៤ ឆ្នាំបន្ទាប់ពីរំដោះប្រទេសបានដោយជោគជ័យ។
គួររម្លឹកថា ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកកាលពីថ្ងៃទី ០៥ ខែឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយឱឡារឹក ដែលធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិ ព្រឺសម្បុរនៃភាពអស្ចារ្យ ទាំងពេលបើក និងទាំងពេលបិទបញ្ចប់នៃព្រឹត្តិការណ៍នេះ៕