រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ពីមូលហេតុដែលមិនសូវមានរថយន្តដឹកទំនិញធុនធ្ងន់ប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
ក្នុងបទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិតរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា មូលហេតុមិនមែនមកពីតម្លៃថ្លៃនោះទេ ព្រោះកន្លងមក កាលពីខែតុលា ឆ្នាំ២០២២ នៅពេលមានការបើកឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនឥតគិតថ្លៃ ពេលនោះក៏មិនសូវមានឡានដឹកទំនិញធំៗប្រើផ្លូវល្បឿនលឿននោះដែរ។
បញ្ហានេះក្រសួងក៏បានសិក្សារកមូលហេតុពិតប្រាកដដែលឡានដឹកទំនិញទាំងនោះមិនព្រមប្រើប្រាក់ផ្លូវល្បឿនល្បឿនផងដែរ។ បើតាមឯកឧត្តមរដ្ឋមន្ត្រី មូលហេតុផ្សេងៗ គឺអាចមកពីបាត់បង់ប្រយោជន៍របស់ក្រុមអ្នកដឹកជញ្ជូនផ្ទាល់តែម្តង មិនមែនខាតប្រយោជន៍ក្រុមហ៊ុននោះទេ ដូច្នេះទើបគាត់ (ក្រុមអ្នកដឹកជញ្ជូន) មិនចង់ប្រើ។
យ៉ាងណាមិញ ឯកឧត្តមបញ្ជាក់ថា ចំពោះរថយន្តដឹកអ្នកដំណើរវិញ ក្រសួងបានជួយចរចាឲ្យសមាគមដឹកជញ្ជូនអ្នកដំណើរប្រើប្រាស់ផ្លូវល្បឿនលឿន ទទួលបានការបញ្ចុះតម្លៃ២០ ទៅ២៥ភាគរយ ហើយក្រសួងអាចធ្វើបែបនេះបានទៅលើរថយន្តដឹកទំនិញតែ ប៉ុន្តែលុះត្រាតែគេចង់ប្រើដែរ ដែលនេះជាសិទ្ធិរបស់គាត់។
សូមបញ្ជាក់ថា បន្ទាប់ពីការជួយសម្របសម្រួលពីក្រសួងសាធារណការ និងដឹកជញ្ជូន សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកម្ពុជា និងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលពីខែមីនា ឆ្នាំ២០២៣ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីទទួលបានការបញ្ចុះតម្លៃពី ២៥% ទៅ ៣០% ក្នុងលក្ខខណ្ឌធ្វើដំណើរពី៣០ជើង រហូតដល់ ១០០ជើងឡើងទៅក្នុង ១មួយថ្ងៃ។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែតុលា ឆ្នាំ២០២២ មានការប្រើប្រាស់ជាហូរដោយរថយន្ដប្រភេទទេសចរណ៍ ក៏ដូចជារថយន្ដលក្ខណៈគ្រួសារ។ ប៉ុន្ដែ សម្រាប់រថយន្តដឹកទំនិញប្រភេទកុងតឺន័រប្រើប្រាស់ផ្លូវល្បឿនលឿននេះ ត្រូវបានគេមើលឃើញថា នៅតែមានចំនួនតិចតួចនៅឡើយ បើទោះបីមានការបញ្ចុះតម្លៃ២០% នៅមួយឆ្នាំដំបូង និងមានការអំពាវនាវពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក៏បានអំពាវនាវដល់បណ្តាក្រុមហ៊ុនដឹកជញ្ចូនទំនិញដែលធ្លាប់ប្រើប្រាស់ផ្លូវជាតិលេខ៤ ងាកមកដឹកទំនិញតាមផ្លូវល្បឿនលឿនជំនួសវិញ ដោយសម្តេចតេជោលើកហេតុផលថា ការប្រើប្រាស់ផ្លូវល្បឿនលឿនអាចចំណេញវេលា និងថវិកាច្រើន។
តាមរបាយការណ៍ ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន ក្នុងនោះ មានប្រមាណជាង ១,៤លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត ១១លានដុល្លារសហរដ្ឋអាមេរិក៕
អត្ថបទ៖ អក្ខរា