សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា អំពាវនាវ​កុំឲ្​យយកប្រធានបទ​មន្ត្រី​ឥណទាន​ ឬ CO មកធ្វើ​ជា​មាតិកាកំប្លែង

សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៨ ខែឧសភានេះ ចេញសេចក្តីសេចក្តីអំពាវនាវ ស្តីពី ការយកប្រធានបទមន្ត្រីឥណទាន(CO) មកធ្វើជាមាតិកាកំប្លែង បន្ទាបតម្លៃបុគ្គលិកមន្រ្តីឥណទាន។ ការអំពាវនាវនេះកើតឡើងដោយសារកន្លងមក ការសម្តែងមួយចំនួន គឺប្រាស់ចាកពីការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលិកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កេតឃើញជាញឹកញាប់នូវការផ្សព្វផ្សាយដោយយក ប្រធានបទមន្ត្រីឥណទាន ឬ CO(Credit Officer) និងប្រធានបទពាក់ព័ន្ធនឹងវិស័យធនាគារ និង ហិរញ្ញវត្ថុ ធ្វើជាកម្មវត្ថុនៃវីដេអូកំប្លុកកំប្លែង ជារូបភាពបន្ទុះបង្អាប់ ប្រាសចាកពីការពិត នៅតាមបណ្តាញផ្សព្វផ្សាយមួយចំនួន ជាពិសេសបណ្ដាញទំនាក់ទំនងសង្គម ការសម្តែងទាំងនោះត្រូវបានយកទៅ កាត់តខ្លីៗនិងចែករំលែកបន្តគ្នាដែលធ្វើឱ្យមានការយល់ច្រលំថាជារឿងពិត។

បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ការសម្ដែងមួយចំនួន គឺដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលិកនៅក្នុង វិស័យធនាគារ និងហិរញ្ញវត្ថុ។ សមាគម សម្ដែងការសោកស្តាយ និងមានការព្រួយបារម្ភចំពោះការផ្សព្វផ្សាយប្រាសចាកពីការពិតទាំងនោះ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមម្ចាស់បណ្តាញសង្គម និងអ្នកផលិតមាតិកាសង្គម មេត្តាចៀសវាងការបង្ហោះ ឬចែកចាយនូវការសម្តែង ឬរឿងមិនពិត ដែលអាចបង្កជារូបភាពអវិជ្ជមានដល់វិស័យ ហិរញ្ញវត្ថុ។ សមាគមពិតជាជឿជាក់ និងសង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងម្ចាស់បណ្តាញសង្គម នឹងចូលរួមជាមួយសមាគមក្នុងការពង្រឹងវិស័យដ៏សំខាន់មួយនេះ។

សូមជម្រាបថា វិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូហិរញ្ញវត្ថុមិនអាច ខ្វះបានសម្រាប់ប្រជាជនកម្ពុជា។ ការបំផុសនូវមាតិកាដោយខ្វះការយល់ដឹងពីវិស័យ ហួសពីការពិត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈជន ព្រមទាំងអាចជាការជំរុញឱ្យប្រជាពលរដ្ឋងាកទៅបើ ប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងគ្មានយន្តការការពារអតិថិជន៕

អត្ថបទ៖ អក្ខរា