គម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឲ្យដឹងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។
សូមជម្រាបថា គម្រោង ផ្លូវល្បឿនលឿនទី៣នេះ នឹងចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងសៀមរាប។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត ទាំង៥ កាលពីពេលថ្មីៗនេះ។
ក្រសួងបានស្នើឲ្យអភិបាលរាជធានី-ខេត្ត ទាំង៥ ជួយអន្តរាគមន៍សម្របសម្រួលដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក្នុងការសិក្សាលើគម្រោងផ្លូវល្បឿនលឿននេះឲ្យបានរលូន។
សូមបញ្ជាក់ដែរថា ផ្លូវល្បឿនលឿនខ្សែទីពីរ ភ្នំពេញ-បាវិត បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នឹងបើកការដ្ឋានថ្ងៃទី០៧ មិថុនា តាមការគ្រោងទុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕
អត្ថបទ៖ អក្ខរា