សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចចិត្តមិនឲ្យយកលុយក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។ សម្តេចតេជោគូសបញ្ជាក់ថា លុយអាចចាយអស់ ប៉ុន្តែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ គឺចាយមិនអស់ឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំគិតថា ខ្ញុំសម្រេចចិត្តត្រូវ សម្រេចចិត្តត្រូវត្រង់ថា យើងធ្វើជាម្ចាស់ផ្ទះដោយការទទួលខុសត្រូវ ហើយដោយក្នុងនោះ ចាប់ពីយកគំនិតផ្ដួចផ្ដើមស្ដីអំពីសមាហរកម្មអាស៊ានមួយផ្នែកបញ្ចូលមក តាមរយៈនៃការមិនបង់ថ្លៃ»។ សម្ដេចតេជាបន្តទៀតថា «លុយអាចចាយអស់ ក៏ប៉ុន្តែកេរ្ដិ៍ឈ្មោះ និងកិត្តិយសជាតិចាយអត់អស់ទេ។
សូមជម្រាបថា ក្នុងនាមកម្ពុជាគឺជាម្ចាស់ផ្ទះ ក៏ដូចជា ដើម្បីសម្រួលមិនយកថ្លៃស្នាក់នៅ ហូបចុក និងធ្វើដំណើររបស់គណៈប្រតិភូកីឡា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាបន្ថែមប្រមាណ ៧លានដុល្លារ ខណៈកន្លងមក កម្ពុជាបានត្រៀមកញ្ចប់ថវិកាប្រមាណ ២០០លានដុល្លារ សម្រាប់ចំណាយលើការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ជាទូាទៅកីឡាករ កីឡាការិនី និងប្រតិភូកីឡាម្នាក់ត្រូវចំណាយថវិកាចំនួន ៥០ដុល្លារ ក្នុង១ថ្ងៃ សម្រាប់ចំណាយនានា ក៏ប៉ុន្តែសម្រាប់កម្ពុជាជាម្ចាស់ផ្ទះមិនតម្រូវឲ្យអ្នកចូលរួមបង់ថ្លៃនោះទេ៕
អត្ថបទ៖ អក្ខរា