សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមានមោទកភាពជាមួយការឈានឡើងលើវិស័យសុខាភិបាលរបស់កម្ពុជា នៅពេលដែលពីអតីតកាលមានស្ថានភាពលំបាកខ្លាំង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រសិនបើវិធានការចាក់វ៉ាក់សាំងមិនបានត្រឹមត្រូវ ទោះមានវ៉ាក់សាំងក៏មិនអាចគ្រប់គ្រងកូវីដ១៩បានដែរ។ ប្រទេសអ្នកមានមួយចំនួនរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋមិនបាន ព្រោះយឺតយ៉ាវក្នុងការសម្រេចចិត្តជ្រើសរើសប្រភពផ្គត់ផ្គង់វ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ បន្ថែមថា ៖ “នាអំឡុងពេលរីករាលដាលវីរុសកូវីដ-១៩ មានសារព័ត៌មានមួយចំនួនបានវាយប្រហារមកកាន់ប្រទេសតូចដូចជាកម្ពុជា និងឡាវជាដើម ដែលមិនអាចគ្រប់គ្រងជំងឺកូវីដ-១៩ បាន ប៉ុន្ដែផ្ទុយទៅវិញ កម្ពុជាបានគ្រប់គ្រងកូវីដ-១៩ បានល្អជាងប្រទេសអ្នកមានមួយចំនួនទៅវិញទៀត។ លទ្ធផលនេះ ខ្ញុំសូមណែនាំឱ្យមានការ ចងក្រងទុកនូវការអនុវត្តការងារគ្រប់គ្រង ចាត់ចែង និងសកម្មភាពនានា ពាក់ព័ន្ធនឹងកូវីដ-១៩ របស់កម្ពុជា”។
នេះជាប្រសាសន៌ សម្តេចតេជោ ហ៊ុន សែន ថ្លែង នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣៕