អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ថោង ខុន បានលើកឡើងថា ស៊ីហ្គេមនៅកម្ពុជា ជោគជ័យខ្លាំង និងទទួលបានការកោត សរសើរគ្រប់ទិសទី។ ទន្ទឹមគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ពីកត្តាមួយចំនួនដែលធ្វើឱ្យព្រឹត្តិការណ៍ទទួលបានជោគជ័យផងដែរ។
ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅក្នុងប្រទេស កម្ពុជានោះ នឹងបិទបញ្ចប់ជាផ្លូវការល្ងាចថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះហើយ។ ដ្បិតរៀបចំឡើងលើកដំបូង បន្ទាប់ពីខកខានជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរពីគ្រប់ទិសទីថារៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវស្មារតីកីឡាអូរឡាំពិក។
ឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹងពេលវេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺកូវីដ១៩។
ឯកឧត្ដម ថោង ខុន បានគូសបញ្ជាក់ថា បើទោះបីជាជួបការលំបាកពីវិបត្តិជំងឺកូវីដ១៩នេះយ៉ាងណាក្តី តែស្មារតី សាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំការប្រកួតប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំង ឡាយ ហើយទីបំផុតក៏អាចរៀបចំការប្រកួតស៊ីហ្គេមតាមការគ្រោងទុក។
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម ឯកឧត្ដម ថោង ខុន បានគូសរំលេចថា៖« ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាពលេចធ្លោរជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះអគ្គិជ័យកីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយកថ្លៃសំបុត្រចូលទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូកីឡាជាដើម»។
ឯកឧត្ដម ថោង ខុន បានរំលឹកថា ការប្រកួតស៊ីហ្គេមនៅកម្ពុជានេះ ក៏ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ទាំងចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារជាដើម។
ឯកឧត្ដម ថោង ខុន បានអះអាងថា ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក៏ទទួលបានការ ចាប់អារម្មណ៍ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិ និងអន្តរជាតិ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែខ្ទរខ្ទារ។ ជាពិសេស បានរួមចំណែកផ្សព្វផ្សាយកម្ពុជាកាន់តែច្រើនទៅកាន់ឆាកអន្តរជាតិ។
គួរបញ្ជាក់ដែរថា បើតាមឯកឧត្ដម ថោង ខុន ក្នុងកំលុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជា ទទួល បានអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់។ក្នុងនាមជាអ្នកប្រតិបត្តិមួយរូបលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ លោក ថោង ខុន បានបង្ហាញក្តីសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង៕
អត្ថបទ៖ ពិសី