ហុងគ្រី និងឆែក កោតសរសើររាជ​រដ្ឋាភិបាល​​កម្ពុជា​ក្នុងការ​អភិ​វឌ្ឍប្រ​ទេស និងភាព​ជោគជ័យ​ធ្វើម្ចាស់ផ្ទះស៊ីហ្គេម

តំណាងហុងគ្រី និងសាធារណរដ្ឋឆែក បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឱ្យបាន​រីកចម្រើន​គួរឲ្យកត់សម្ពាល់ និងកោតសរសើរកម្ពុជាចំពោះការខិតខំប្រឹងប្រែងធ្វើម្ចាស់ផ្ទះស៊ីហ្គេមដោយជោគជ័យផងដែរ។ ការកោត​សរសើរពីសំណាក់ប្រទេសទាំងពីរធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីនៅថ្ងៃទី១៦ ខែឧសភា។

ក្នុងជំនួបនោះ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុង​ការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនគួរឲ្យកត់សម្ពាល់ និងជោគជ័យរបស់កម្ពុជាក្នុងការរៀបចំព្រិត្តិការណ៍​ប្រកូតកីឡា​អាស៊ីអាគ្នេយ៍។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការពិនិត្យ​លទ្ធភាព​រៀបចំឱ្យមានកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី២ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងកិច្ចប្រជុំ​លើកទី២ នៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី នាពេលឆាប់ៗខាងមុខ។

ចំណែកគណៈប្រតិភូសាធារណរដ្ឋឆែក ដឹកនាំដោយលោក Petr Gandalovič ប្រធាននាយកដ្ឋានសហប្រតិបត្តិការ​​អភិ​វឌ្ឍន៍ និង​ជំនួយមនុស្សធម៌ បានកត់សម្គាល់អំពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា ដែលជា​ប្រទេសមួយ​ក្នុងចំណោមប្រទេសដែលកំពុងរីកចម្រើនខ្លាំងបំផុតនៅ ក្នុងតំបន់។ លោក Petr Gandalovič ក៏បាន​អបអរសាទរ និងកោតសរសើរកម្ពុជាចំពោះការខិតខំប្រឹងប្រែងធ្វើម្ចាស់ផ្ទះស៊ីហ្គេមដោយជោគជ័យផងដែរ។

ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រ​វាងប្រទេសទាំងពីរ និងឯកភាពធ្វើការរួមគ្នាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវវិស័យសក្ដានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ៕

អត្ថបទ៖ អក្ខរា