ផលិត​កម្មហ្គា​ឡាក់ស៊ី ណាវ៉ា​ត្រា ប្រកា​សគាំ​ទ្រ​សេច​ក្តីស​ម្រេ​​​ច​​របស់​គ.ជ.ប. ដែល​បដិសេធ​​លើ​ការ​​ចុះ​បញ្ជីរបស់​គ​ណ​​បក្សភ្លើង​ទៀន

កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា បានចេញញត្តិគាំទ្រចំពោះ​សេចក្តី​ស​ម្រេច​​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ដែលបដិសេធការចុះបញ្ជីគណបក្សនយោបាយ​ឈរ​ឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្សភ្លើងទៀន។

ញត្តិនេះបានបញ្ជាក់ថា “យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សិល្បករ-សិល្បការិនី និងបុគ្គលិកនៃផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា អ៊ិនវេសម៉ិន ឯ.ក បានតាមដានដោយយកចិត្តទុកដាក់ និងសូមប្រកាសគាំទ្រ​សេចក្តីសម្រេចរបស់គណៈ​កម្មា​ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ក្នុងការបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្សភ្លើងទៀន ដោយសារ គណបក្សភ្លើងទៀន មិនបាន​ភ្ជាប់​មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលបញ្ជាក់នីត្យា​នុកូល​កម្មដោយរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌនៅការិយាល័យ ច្រកចេញចូលតែមួយឱ្យបានត្រឹមត្រូវ ស្របតាម​កថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។”

ញត្តិនេះបានបន្តលើកឡើងថា “គ.ជ.ប.បានសម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន១៨ (ដប់ប្រាំបី) គណបក្សនយោបាយ និងមានតែគណបក្ស ភ្លើងទៀន មួយប៉ុណ្ណោះ ដែលគ.ជ.ប.បដិសេធក្នុងការចុះបញ្ជីគណបក្សនយោបាយ។

ការណ៍នេះជាការបង្ហាញយ៉ាងច្បាស់នូវចេតនារបស់ គណបក្សភ្លើងទៀន ក្នុងការមិនប្រគល់ឯកសារគ្រប់ ជ្រុងជ្រោយ មកគ.ជ.ប. ហើយបង្វែរកំហុសរដ្ឋបាលរបស់ខ្លួន ដើម្បីកេងចំណេញនយោបាយក្នុងគោលបំណងបង្កអ សន្តិសុខ ដល់សង្គមជាតិ។”

ថ្នាក់ដឹកនាំ និងបុគ្គលិកនៃផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា អ៊ិនវេសម៉ិន ឯ.ក បានស្នើឱ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចូលរួមគោរពគោលការណ៍សុច្ចរិត តម្លាភាព និងភាពត្រឹមត្រូវដោយអនុលោមឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងបទ​ប្ប​ញ្ញត្តិដែល​មានជាធរមាន និងចៀសវាងការប៉ុនប៉ងប្រើប្រាស់រូបភាពនយោបាយស្មោគគ្រោក ដើម្បីបង្កចលាចល អសន្តិសុខក្នុងសង្គម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្រោយពីចេញសេចក្តីសម្រេចបដិសេធការចុះបញ្ជីគណបក្សន​យោបាយរបស់គណបក្សភ្លើងទៀន នៅថ្ងៃដដែលនោះ គ.ជ.ប បានចេញសេចក្តីប្រកាសពត៌មានបញ្ជាក់បន្ថែមថា មានគណបក្សសរុបចំនួន៥ ត្រូវបានទទួលការស្នើសុំឲ្យបំពេញឯកសារ និងកែតម្រូវ ហើយគណបក្ស៣បានកែតម្រូវ និង១ផ្សេងទៀតកំពុងបំពេញបន្ថែម។ យ៉ាងណាមិញ មានតែគណបក្សភ្លើងទៀនប៉ុណ្ណោះ ដែលមិនបាន​បំពេញ​គ្រប់​ចំណុចដែលនាំឱ្យគ.ជ.ប.បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជាផ្លូវការ។