គម្រោងសាងសង់ច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចជាង ៨៥ភាគរយហើយ

គម្រោងសាងសង់ច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ បានដំណើរការសាងសង់ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២០ ហើយគិតមកដល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៨៥,០៤%ហើយ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងបានឲ្យដឹងថា ឯកឧត្តម នូ វឌ្ឍន: អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានគម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារអញ្ជើញ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥ ដឹកនាំដោយឯកឧត្តមUENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថាន ទូតជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រក ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ឋផងដែរ។

ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងយល់នូវការចែករំលែកព័ត៌មានគម្រោង វឌ្ឍនភាពគម្រោង និងការចុះពិនិត្យផ្ទាល់ដល់ទីតាំងគោលដៅមួយចំនួនដូចជា៖ អគារច្រកត្រួតពិនិត្យ (Terminal Building) ប៉ុស្តិ៍ត្រួតពិនិត្យចេញ-ចូល (Arrival & Departure Booth Check) និងទីតាំងស្ពានមិត្តភាព កម្ពុជា-ថៃផងដែរ។

សូមជម្រាបជូនថា គម្រោងនេះមានគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងជួយសម្រួលដល់កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន៕

អត្ថបទ៖ អក្ខរា