ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសន៍ថា៖ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលកំពុងប្រព្រឹត្តឥឡូវនេះនៅខេត្តកោះកុង ហើយនឹងគ្រោងធ្វើនៅខេត្តផ្សេងទៀតដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មោះមុតដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋានរបស់យើង។
ឯកឧត្ដមបន្តថា ក្រសួងបរិស្ថានបានជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់បុគ្គលគោលក្នុងស្រុក និងសហគមន៍ដទៃទៀត ក្នុងការអភិរក្សសត្វព្រៃដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។
ឯកឧត្ដមបានន្ថែមទៀតថា ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះសុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា ដែលមានសារៈសំខាន់ជាសាកល។ នៅពេលដែលអន្ទាក់ត្រូវបានលុបបំបាត់ នោះការសម្លាប់សត្វព្រៃក៏ត្រូវបានបញ្ឈប់ដូចគ្នា។ ការលុបបំបាត់ការដាក់អន្ទាក់ ទាមទារឱ្យការប្តេជ្ញាចិត្តនិងការចូលរួមរបស់យើងទាំងអស់គ្នា។ យើងត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលវែងពីជំនាន់បច្ចុប្បន្ន តទៅនាពេលអនាគត។
សូមជម្រាបថា យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើងនៅក្រុងខេមរភូមិន្ទក្នុងខេត្តកោះកុងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយមានការគាំទ្រដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងមានអ្នកចួលរួមជាប្រមាណ ៥០០នាក់ មកពីក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង គណៈបញ្ជាការឯកភាពខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរពាក់ព័ន្ធជុំវិញខេត្ត ដៃគូអភិរក្ស ដៃគូអភិវឌ្ឍន៍ រដ្ឋបាលស្រុក អាជ្ញាធរឃុំ មន្ត្រីឧទ្យានុរក្ស គណកម្មការសហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ព្រៃឈើ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ម្ចាស់ភោជនីយដ្ឋាន អមជាមួយនឹងការតាំងពិព័រណ៍វត្ថុនិងសម្ភារៈបទល្មើសធនធានធម្មជាតិ ព្រមទាំងការដើរក្បួនដង្ហែក្នុងក្រុងនិងទីផ្សារសាធារណៈ។
យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ បានបញ្ចប់ដោយជោគជ័យនិងទទួលបានលទ្ធផលគួរជាទីមោទនៈនៅតាមបណ្តាខេត្ត មណ្ឌលគីរី រតនៈគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារកាលពីឆ្នាំ២០២២។ យុទ្ធនាការ អន្ទាក់សូន្យរៀបចំឡើងដើម្បីបង្កើនការអប់រំផ្សព្វផ្សាយដល់សាធារណៈជនអំពីសារៈសំខាន់សត្វព្រៃ តួនាទីរបស់ពួកវាក្នុងប្រពន្ធ័អេកូឡូស៊ី បញ្ហាប្រឈម វិបត្តិនៃអន្ទាក់ និងការអំពាវនាវដល់ស្ថាបន័ពាក់ពន្ធ័ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្រជាពលរដ្ឋមូលដ្ឋានឲ្យចូលរួមយ៉ាងសកម្មបន្ថែមទៀតលើការការពារសត្វព្រៃនិងគ្រប់គ្រងធនធានធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ៕
អត្ថបទ៖ អក្ខរា