នាយឧត្តមសេនីយ៍ នេត សាវឿន៖ ការបម្រើសេវាចាំបាច់របស់នគរបាលប៉ុស្តិ៍រដ្ឋបាល កំពុងទទួលបានជំនឿទុកចិត្ត និងកោតសរសើរពីប្រជាពលរដ្ឋនៅតាមសហគមន៍

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងទិវារំព្ញកខួបអនុស្សាវរីយ៍លើកទី ៧៨ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៣)។

ក្នុងសារលិខិតឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិបានអនុវត្តភារកិច្ច ប្រកបដោយភាពម្ចាស់ការ ដោយបានការពារ និងធានានូវប្រក្រតីកម្មនៃស្ថាប័នជាតិ គ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ក៏ដូចជា បេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ក៏ដូចជាព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗប្រមាណ ១២.៧៥៦លើក ត្រូវបានធានាសុវត្ថិភាពទាំងស្រុង ពិសេសដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសកុម ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ សន្និសីទអាស៊ានណាប៉ូលលើកទី៤០ មហាសន្និបាតសភាអាស៊ីលើកទី៤៣ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ រួមចំណែកលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាក អន្តរជាតិ។

ចំពោះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមរិតតែមានភាពល្អប្រសើរជាលំដាប់ ដោយបានកាត់បន្ថយបទល្មើសព្រហ្មទណ្ឌជារួមប្រមាណ ៩% ស្របពេលដែលលទ្ធផលបង្ក្រាបមានកម្រិតខ្ពស់រហូត ដល់ ៩២%។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ការងារដែលកំពុងទទួលបាននូវជំនឿទុកចិត្ត និងការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋនៅតាមសហគមន៍នោះគឺការបម្រើសេវាចាំបាច់របស់នគរបាលប៉ុស្តិ៍រដ្ឋបាល ដែលបានផ្សាភ្ជាប់ទំនាក់ទំនងផ្ទាល់ ជាមួយប្រជាពលរដ្ឋ ក្នុងនាមសេវាករ និងជាកម្លាំងស្នូលជំរុញចលនាអនុវត្តគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព» ដែលជាគោលនយោបាយជាតិដ៏មានអាទិភាព និងសក្តានុពលបំផុត ឲ្យទទួលបាន លទ្ធផលជាវិជ្ជមាន។

ក្រៅពីការអនុវត្តភារកិច្ចស្នូលខាងលើនេះ កងកម្លាំងនគរបាលជាតិបានរួមចំណែកយ៉ាងសស្រាក់សសាំក្នុងសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ប្រកបដោយឆន្ទៈមុតស្រួច និងស្មារតីអង់អាចក្លាហានគួរឲ្យកោតសរសើរ៕

អត្ថបទ៖ អក្ខរា