សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) កោតសរសើរ និងថ្លែងអំណរគុណដល់អត្ថពលិកជម្រើសជាតិកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ ហាត់សម ទាំងមុនការប្រកួត និងកំឡុងការប្រកួតដើម្បីតំណាងជាតិកម្ពុជានៅក្នុងព្រឹត្តិការណ៍សុីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ស.ស.យ.ក បានផ្ញើសារលើកបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៦ ខែឧសភានេះបន្តថា៖ “ថ្វីត្បិតតែការប្រកួតតែងមានឈ្នះ និងចាញ់ ប៉ុន្តែកីឡាករ កីឡាការិនីកម្ពុជា តែងតែព្យាយាមយកជ័យជន្នះជូនកម្ពុជា ពុះពារ ខិតខំប្រឹងប្រែងពង្រឹងស្មារតី អភិវឌ្ឍសមត្ថភាព ដោយមិនបោះបង់ក្តីស្រមៃ និងក្តីសង្ឃឹមក្នុងការកសាងកិត្តិនាមជូនប្រទេសជាតិឡើយ”។
“កិច្ចខំប្រឹងប្រែង និងការលះបង់ប្រកបដោយស្មាតីអង់អាច របស់កីឡាករ កីឡាការិនី បានសរបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈដ៏មោះមុត សាមគ្គីភាពក្នុងស្មារតីជាខ្មែរតែមួយ ក្នុងការដណ្តើមជ័យជន្នះជូនជាតិមាតុភូមិ ក៏ដូចជាបង្ហាញកិត្យានុភាពជាតិ អោយពិភពលោកបានស្គាល់នូវការលេចមុខមាត់ថ្មីរបស់កម្ពុជា ក្រោមការអភិវឌ្ឍ និងសុខសន្តិភាព។ លើសពីនេះថែមទៀត អាកប្បកិរិយារបស់អត្ថពលិកកម្ពុជា បានបង្ហាញពីភាពថ្លៃថ្លូរនៃអរិយធម៌ និងវប្បធម៌ដ៏ត្រចេះត្រចង់របស់កម្ពុជា តាមរយៈការចែករំលែកក្តីស្រលាញ់ ការយកអាសារ យល់ទុក្ខធុរៈ ការយោគយល់អធ្យាស្រ័យ និងការគោរពចំពោះជាតិសាសន៏ដទៃកំឡុងពេលប្រកួតផងដែរ”។ នេះបើតាមការលើកឡើងបន្ថែមរបស់ ស.ស.យ.ក៕
អត្ថបទ៖ អក្ខរា