សាធារណរដ្ឋឆែកបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា លើការកសាងធនធានមនុស្សឲ្យកាន់តែមានសមត្ថភាពខ្ពស់ និងមានជំនាញវិជ្ជាជីវៈ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ការឯកភាពនេះធ្វើឡើងក្នុងឱកាសឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យឯកឧត្តម Petr Gandalovic ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍ និងជំនួយមនុស្សធម៌ តំណាងក្រសួងការបរទេសនៃសាធារណរដ្ឋឆែក និងឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដែលផ្តោតសំខាន់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំកន្លងមក (២០១៨-២០២៣) និងកំណត់ទិសដៅអាទិភាពសម្រាប់រយៈពេល៥ឆ្នាំបន្ទាប់ ដោយចាប់ផ្ដើមពីឆ្នាំ២០២៤ ជាពិសេសការបន្ដគាំទ្រលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងរយៈពេលនៃកិច្ចសហប្រតិបត្តិការ៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គការភីន ឬ PIN (People In Need) ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញនៃប្រទេសឆែក ដែលអនុវត្តលើគម្រោងជំនួយមនុស្សធម៌ គម្រោងអភិវឌ្ឍន៍រយៈពេលវែង កម្មវិធីអប់រំ និងបានចូលមកកម្ពុជាពីឆ្នាំ២០០៨។
ឯកឧត្តមបន្តលើកឡើងថា ស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍរីកចម្រើនលឿន ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្ដាលជំនាញសំខាន់ៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍជំនាញដល់យុវជនគ្រួសារក្រីក្រប្រមាណ១លាន៥សែននាក់ (ស្មើនឹង១៥%នៃកម្លាំងពលកម្មសរុប) តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលពិសេស ដែលកម្មវិធីនេះគឺជាចំណុចអាទិភាពខ្ពស់មួយដែលក្រសួងការងារកំពុងផ្តោតសំខាន់។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា «ក្រសួងក៏បានស្វាគមន៍ដៃគូរអភិវឌ្ឍទាំងអស់ ជាពិសេសសាធារណរដ្នឆែកក្នុងការចូលរួមផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាផងដែរ»។
ឯកឧត្តម Petr Gandalovic បានបញ្ជាក់ថាកន្លងមក សាធារណរដ្ឋឆែកតែងតែបានផ្តល់ការគាំទ្រទៅលើការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធិភាពទៀតនោះ ភាគីទាំងពីរគួរពិភាក្សាទៅលើការរៀបចំកម្មវិធីសិក្សារបស់ TVET ផងដែរ ពិសេសទៅលើមុខវិជ្ជាជំនាញដែលនឹងមានសក្តានុពលទៅថ្ងៃអនាគត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដូចជា ផ្នែកការកែច្នៃផលិតផលកសិកម្មជាដើម។
ឯកឧត្តមបន្តថា ការកែច្នៃម្ហូបអាហារនេះ គឺជាផ្នែកមួយដែលសាធារណរដ្ឋឆែកមានបទពិសោធន៍ជាយូរណាស់មកហើយ លើសពីនេះឆែកក៏មានប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលមានការអភិវឌ្ឍឈានមុខគេមួយ ហើយនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានេះ សាធារណរដ្ឋឆែកអាចផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជាទៅធ្វើទស្សនកិច្ចសិក្សានៅឆែក ក៏ដូចជាការផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្រៀនផងដែរ៕