ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត៖ សភាពាណិជ្ជកម្មកម្ពុជា គឺជាដៃ​​​គូមិ​ន​អាច​ខ្វះបានរបស់​រាជរដ្ឋា​ភិបាល ក្នុងដំណើរ​ការ​អភិវឌ្ឍ​សង្គម​​សេដ្ឋកិច្ច

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកថា​ សភាពាណិជ្ជកម្មកម្ពុជា គឺជាដៃគូមិនអាចខ្វះបានរបស់​រាជរដ្ឋាភិបាល នៅ​ក្នុង​​កិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈដែលរាជរដ្ឋាភិបាលនឹងកាន់តែផ្តោតលើការអភិវឌ្ឍវិស័យ​ឯក​ជន ព្រមជាមួយនឹងការខិតខំទាក់ទាញវិនិយោគក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់។ ការលើកឡើងរបស់ឧត្តម បណ្ឌិត បែប​នេះ បានធ្វើឡើងនៅក្នុងពិធីពិសាអាហារពេលល្ងាចជាមួយនឹងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ  កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា សភាពាណិជ្ជកម្មកម្ពុជា បានបំពេញតួនាទីយ៉ាងមានប្រសិទ្ធភាព​ក្នុង​ការ​ជំរុញឱ្យយន្តការមួយនេះរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យសម្រាប់ការដោះស្រាយបញ្ហាប្រឈម, ការលើក​ស្ទួយសហគមន៍ធុរកិច្ច និងការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ក៏បានកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មកម្ពុជា, សភាពា​ណិ​ជ្ជក​ម្ម​តាម​​បណ្តា​ខេត្ត ព្រមទាំងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ដែលកន្លងមកបានចូលរួមលើក​ស្ទួយ​ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការគាំទ្រសហគមន៍ធុរកិច្ច, ការបង្កើតឱកាសនៃទំនាក់ទំនង​ក្នុងបណ្តាញ​ធុរកិច្ចជាតិ-អន្តរជាតិ, ការជំរុញពាណិជ្ជកម្ម និងវិនិយោគ, ការផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា និងរួមទាំងការ​តភ្ជាប់​មិត្តភាព និងសាមគ្គីភាពរវាងខ្មែរក្នុងស្រុក និងក្រៅស្រុក។

គួរបញ្ជាក់ថា​​ សភាពាណិជ្ជកម្ម​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥ ដោយ​មាន​ទំនាក់​ទំនង​នៅទូទាំង​ប្រទេស ព្រមទាំង​ដៃ​គូ​កម្រិត​តំបន់ ​និង​ពិភព​លោក។ សភាពាណិជ្ជកម្ម​ គឺ​​ជា​ស្ថាប័នមួយ​មិន​សំដៅ​រកប្រាក់​ចំណេញ ​ដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ និង​ជា​ស្ថាប័ន​តំណាងការពារ​ផល​ប្រយោជន៍ជូន​វិស័យ​ឯកជន​​​លើ​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម សិប្បកម្ម​ សេវាកម្ម​ និង​កសិកម្ម ដោយ​ធ្វើ​សកម្ម​ភាព​បម្រើ​ឲ្យ​សេដ្ឋកិច្ចជាតិ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​នៅ​ទូទាំង​ប្រទេស។​

ក្រុម​ហ៊ុន​សហគ្រាសស្រប​ច្បាប់​​ធុន​តូច​ មធ្យម និង​ធំ គ្រប់វិស័យនៅ​ទូទាំង​ប្រទេស​ អាច​ចូល​ជា​សមាជិក​របស់សភា​ពាណិ​ជ្ជកម្ម​បាន​ទាំងអស់។ សភាពាណិជ្ជកម្ម ​ដើរតួយ៉ាងសំខាន់ក្នុងការចូលរួម​​ផ្ដល់​យោបល់ជូនរាជ​រដ្ឋាភិបាល ​ដើម្បីសម្របស​ម្រួល​អាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមាន​ប្រសិទ្ធិ​ភាព​ និង​បង្ក​លក្ខណ:​ធុរកិច្ច​ឲ្យកាន់តែល្អ​ប្រសើរ​ ៕

អត្ថបទ៖ សីហា