សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើស៊ីហ្គេម លំបាកជាងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានច្រើនដង

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោរសរសើរទៅដល់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជាបានយ៉ាងរលូន។ សម្ដេចលើកឡើងថា ការធ្វើម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមមានការលំបាកជាងការធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានច្រើនដងទៅទៀត។ សម្ដេចតេជោ បានថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យកសិកម្មចំនួន៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោបានមានប្រសាសន៍ពីភាពខុសគ្នានៃការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានថា៖ “ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន យើងមានបញ្ហាតែពីរប៉ុណ្ណោះគឺការរៀបចំសុវត្ថិភាពជូនមេដឹកនាំប្រទេសនានាដែលមកចូលរួមកិច្ចប្រជុំ និងពិបាករៀបចំឯកសារខ្លឹមសារដើម្បីអនុម័ត ប៉ុន្តែយើងធ្វើបានជោគជ័យ។ ឯចមពោះការធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមវិញ គឺប្រទេសជាម្ចាស់ផ្ទះត្រូវមានការរៀបចំច្រើនទាំងទីលានប្រកួត ទាំងសុវត្ថិភាពរបស់កីឡាករកីឡាការិនីដែលមានរាប់ម៉ឺននាក់ ការដឹកជញ្ជូននិងកន្លែងស្នាក់នៅរបស់កីឡាករផងដែរ”។

សម្តេចតេជោបានបន្តថា៖ “អញ្ចឹងទេបានខ្ញុំមានមោទកភាពដែលទាក់ទងជាមួយនឹងការដឹកនាំអនុវត្តរបស់សម្ដេចពិជ័យសេនា ទៀ បាញ់”។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នៅសល់តែប្រមាណតែពីរថ្ងៃទៀតប៉ុណ្ណោះការប្រកួតស៊ីហ្គេមនៅកម្ពុជានឹងត្រូវបានបញ្ចប់ ខណៈប្រទេសចំនួន៣ ដែលកំពុងនាំមុខគេនៅក្នុងការទទួលមេដាយស៊ីហ្គេមមានដូចជា ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសកម្ពុជា៕

អត្ថបទ៖ អក្ខរា