ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក-សមាជិកាសមាគម អ.ម.ត. ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ។
ថ្លែងក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម បណ្ឌិត បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយនឹងការអបអរសាទរចំពោះការប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីបន្ថែមទៀតចំនួន ៨២៥ នាក់ នាឱកាសនោះផងដែរ។
ឯកឧត្តម បណ្ឌិត ក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានឧត្តមសិក្សានៅខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ – រួមមាន៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME), សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS), សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB), សាកលវិទ្យាល័យអន្តរជាតិឌូវី (DI), ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ (SBUBB), វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB), សាកលវិទ្យាល័យជាតិមានជ័យ (NMU) – ដែលតែងបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ, និងបរិញ្ញាបត្រជាន់ខ្ពស់ ជូន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិតខ្វះលទ្ធភាព។
កាយវិការ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់តបទៅនឹងបំណងប្រាថ្នា និងការខិតខំប្រឹងប្រែងរបស់ សម្តេចទាំងទ្វេ ក្នុងការរំដោះសិស្ស-និស្សិតខ្វះលទ្ធភាព ឱ្យរួចចាកផុតពីក្រញាំនៃភាពអវិជ្ជា សំដៅកសាងមូលធនមនុស្សពិតប្រាកដរបស់កម្ពុជា និងដើម្បីឱ្យពួកគេអាចទទួលបានអនាគតមួយរុងរឿង និងរឹងមាំនៅក្នុងជីវិត។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងប្រាប់សិស្ស-និស្សិតនូវការកត់សម្គាល់អំពីសមិទ្ធផល និងវឌ្ឍនភាពរីកចម្រើនជាលំដាប់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យអប់រំ និងកីឡា ដោយធៀបទៅនឹងការលំបាកខ្វះខាតដែលកម្ពុជាធ្លាប់បានជួបប្រទះកាលពីអតីតកាល និងបានថ្លែងអំណរគុណប្រជាពលរដ្ឋនៅទូទាំងប្រទេសចំពោះការផ្តល់ទំនុកចិត្តជូន សម្តេចតេជោ ដែលតែងគិតគូរជានិច្ចលើការការពារអាយុជីវិត និងការបង្កើនជីវភាព ព្រមទាំងឱកាសគ្រប់បែបយ៉ាងសម្រាប់ប្រជាពលរដ្ឋ ជាពិសេសតាមរយៈការកំណត់យកវិស័យអប់រំជាវិស័យអាទិភាពខ្ពស់បំផុត៕