សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភានេះ បានបង្ហាញរូបថតនាឡិកា ដែលសម្តេចពាក់តាំងពីមុនសម័យសង្គ្រាម និងកំពុងខិតខំស្វែងរក ខណៈនាឡិកានេះ មានប្រវត្តិវែងឆ្ងាយជាមួយសម្តេចតាំងពីនៅជាក្មេងវត្ត រហូតដល់ក្លាយជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនាជំនាន់នោះ។
តាមរយៈសំណេរលើបណ្តាញសង្គមសម្តេចតេជោបង្ហោះជាមួយរូបថតសម្តេច ៣សន្លឹកពាក់នាឡិកាដៃនេះបានរៀបរាប់ថា៖ “បានត្រឹមរូបថត! ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ហើយមកដូរ
ជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២។ ម្សិលមុិញខ្ញុំបានទទួលពីបណ្តាញសង្គមនូវរូបថត៣សន្លឹកដែលថតក្នុង១៩៧៩។ នៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយជានាឡិកាដែលខ្ញុំកំពុងស្វែងរក។ នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ ប្រហែលចុងឆ្នាំ១៩៦៩ ឬដើមឆ្នាំ១៩៧០ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេចបោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ជាង ៥០០០រៀលយកទៅទិញនាឡិកា ម៉ាកទីតូនីមួយគ្រឿង។ ប្រហែលដើមខែមិនា១៩៧០ខ្ញុំបានយកនាឡិកានេះទៅប្តូរជាមួយហាងនាឡិកានៅស្រុកមេមត់ដោយយកម៉ាកទីតូនី ដែលមានតម្លៃខ្ពស់ជាងរហូតដល់ ៨៧០០រៀល លុយជំនាន់នោះ(មាសមួយដំឡឹងតម្លៃ៣២០០រៀល)។ ដូចនេះនាឡិកានេះមានតម្លៃស្មើនិងជាង២ដំឡឹងមាសនាពេលនោះ។ នាឡិកានេះ បានជួយខ្ញុំច្រើនមិនឲ្យលោកស្តីបន្ទោសរឿងយកចង្ហាន់យឺត ពិសេសបំរើការក្នុងកងទ័ពរហូតជារដ្ឋមន្តីក្រសួងការបរទេស១៩៧៩.១៩៨០ និងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស១៩៨១.១៩៨២ មុនពេលប្តូរនាឡិកានេះជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២”។
សូមបញ្ជាក់ថា នាឡិកាដៃម៉ាក ទីតូនី (TITONI) ដែលសម្តេចតេជោកំពុងស្វែងរកនេះ ជាប្រភេទនាឡិកាមិនប្រើថ្ម។ តាមការសិក្សាស្រាវជ្រាវជាមួយ Google ក្រុមហ៊ុននាទ្បិកាដៃនោះ បង្កើតទ្បើងនៅឆ្នាំ១៩១៩ ស្ថាបនិកដំបូងមានឈ្មោះថា លោក Fritz Schluep នៅទីក្រុង Grenchen ប្រទេសស្វីស។ សព្វថ្ងៃមានបុគ្គលិកបម្រើការប្រមាណ ៦០នាក់ ដែលជាគ្រួសារជំនាន់ទី៣ របស់ក្រុមហ៊ុន Titoni Ltd. នេះ។
កាលពីខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រតិបត្តិការរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងមួយ ដែលបានលិចបាត់ទៅក្នុងបាតទន្លេមេគង្គ ក្នុងភូមិសាស្រ្តភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កងកម្លាំងជំនាញ បានប្រទះឃើញនាឡិកាដៃម៉ាក TITONI នេះ ចំនួន២គ្រឿង ដែលបានលិចទឹកអស់រយៈពេលជាង ៤៦ឆ្នាំទៅហើយ ប៉ុន្តែនៅរក្សាបានរូបរាង ខ្សែគ្មានច្រែះចាប់ ហើយម៉ាស៊ីនអាចដំណើរការបានធម្មតា បន្ទាប់ពីយកមកដុសលាងសម្អាត ហើយគោះចុះគោះឡើងទៅវាដើរឡើងវិញធម្មតា៕
អត្ថបទ៖ អក្ខរា