អបអរសាទរ! ទីបំផុតកីឡាការិនី កាំង មុយនីន ជម្រើសជាតិហែលទឹកពាក់ជេីងទា ឈ្នះមេដាយមាសលើកដំបូង

មេដាយមាសដំបូងបំផុត ត្រូវបានកីឡាការិនី កាំង មុយនីន ជម្រើសជាតិហែលទឹកពាក់ជេីងទា កម្ពុជា ដណ្តើមបានក្នុងការប្រកួតលើប្រភេទវិញ្ញាសា ហែលចម្ងាយ ៤០០ម៉ែត្រ Bi Fins ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។

ជាមួយគ្នានេះ កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ក៏ដណ្តើមបានមេដាយសំរឹទ្ធមួយគ្រឿងទៀត ក្នុងការប្រកួតតែមួយ ជូនប្រជាជាតិកម្ពុជាផងដែរ។

សូមជម្រាបថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានប្រកាសលើកទឹកចិត្តបន្ថែមចំនួន ១ម៉ឺនដុល្លារដល់កីឡាករ កីឡាការិនីហែលទឹកកម្ពុជា ដែលដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ។

កីឡាករ កីឡាការិនី និងគ្រូបង្វឹកនៃសហព័ន្ធខ្មែរកីឡាហែលទឹក ដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានចំនួន ៤៩រូប។

គិតត្រឹមម៉ោង ៩យប់ ថ្ងៃទី១២ ខែឧសភានេះ កម្ពុជាឈរនៅលេខ៣ តាមពីក្រោយប្រទេសវៀតណាម និងប្រទេសថៃ ដែលឈ្នះមេដាយសរុប ១៦៧គ្រឿង ក្នុងនោះមេដាយមាស៥៧ ប្រាក់៤៧ និងសំរិទ្ធិ៦៣៕

អត្ថបទ៖ អក្ខរា