កម្ពុជា​ជាប់​ក្នុងការ​បោះឆ្នោតជាស​មាជិក​សា្ថប័ន​ចំណុះ​ចំនួន​២ របស់​​អង្គការ​សហប្រជា​ជាតិ

ព្រះរាជាណាចក្រកម្ពុជា បានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីររបស់អង្គការសហ​ប្រជាជាតិ។ តំណែង​សំខាន់​​ចំនួនពីរ​នោះរួ​​ម​មានទី១ ជាសមាជិកពេញសិទ្ធិរបស់ក្រុមជំនាញស្តង់ដាគណនេយ្យ និងរាយ​ការណ៍​អន្តរជាតិ និង​ទី២ ជាសមាជិកនៃ​ក្រុម​ប្រឹក្សា​សម្រ​ប​សម្រួលកម្មវិធី របស់កម្មវិធីអង្គការសហប្រជាជាតិប្រយុទ្ធជំងឺ​អេដស៍ ។

នៅក្នុងសម័យប្រជុំរបស់ខ្លួនកាលពីខែមេសា ឆ្នាំ២០២៣ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់​អង្គការសហប្រជាជាតិ (United Nations Economic and Social Council – ECOSOC) បានរៀចំការបោះឆ្នោត ដើម្បីបំពេញតំណែងទំនេរ​​ក្នុងស្ថាប័នចំណុះចំនួន១៤ នៃ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ​ នៅថ្ងៃទី១២ ខែ​ឧសភា បានបញ្ជាក់ថា សមាជិកពេញសិទ្ធិរបស់ក្រុមជំនាញស្តង់ដាគណនេយ្យ និងរាយការ​​ណ៍អន្តរ​ជាតិ (ISAR) អាណត្តិ២០២៤-២០២៦ ដោយ​គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ។ រីឯសមាជិក​នៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធី របស់​កម្មវិធីអង្គការ​សហ​ប្រជា​ជាតិប្រយុទ្ធជំងឺអេដស៍ (UNAIDS PCB ) សម្រាប់អាណត្តិ២០២៣ -២០២៥ ដោយគិតចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងការបរទេស បានចាត់ទុកថា ការជាប់ឆ្នោតជាសមាជិក ISAR និង UNAIDS PCB គឺបង្ហាញ​ពីទំនុកចិត្តរបស់​ស​ហគ​មន៍​​​​​អន្តរជាតិ ចំពោះកម្ពុជា និងការទទួលស្គាល់របស់​សហគមន៍​អន្តរជាតិនូវការ​​កសាងជាតិឡើងវិញ និងការ​គ្រប់​គ្រង​ការ​​រាត​​ត្បាតមេរោគអេដស៍ ប្រកបដោយ​ជោគជ័យរបស់កម្ពុជា ក៏ដូចជាការរួមចំណែករបស់កម្ពុជា ជាមួយ​អង្គការ​​សហប្រជា​​ជាតិ ក្នុងកិច្ចខិតខំ​ប្រឹងប្រែងរួមគ្នាក្នុង ការកសាងពិភពលោកឱ្យកាន់តែប្រសើរឡើង។ នេះគឺជាសមិទ្ធផលមួយក្នុងចំណោម​សមិទ្ធផលគួរ​ឱ្យកត់សម្គាល់ជាច្រើនដែលកម្ពុជា សម្រេចបាន ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ និងការចូល​រួមយ៉ាង​​សកម្មក្នុង​កិច្ចការអន្តរជាតិ។