ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យទណ្ឌិត ៩រូប ជាអតីតសកម្មជនក្រុមប្រឆាំង ក្រោយពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សកម្មជនក្រុមប្រឆាំងទាំង៩នាក់នោះ រួមមានដូចជា៖ លោក វ៉ន សាវណ្ណ, លោក ធុយ វី, លោក ឆុន ប៊ុនឆាត, លោក ឧ រឹម, លោក ចាន់ សារ៉ាត់, លោក ណុប វ៉ុន, លោក ប៉េង សុខា, លោក វ៉ន ឡេង និងលោក សាន សៅរី ជាដើម។ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ពួកគេ រួមទាំងសកម្មជនម្នាក់ទៀត ឈ្មោះ គង់ ម៉ាស់ បានចេញមកសារភាពកំហុស ភ្ញាក់រលឹក ហើយបានចេញវិដេអូ និងធ្វើលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសំណូមពរឱ្យពួកគេបាននៅក្រៅឃុំជាបណ្តោះអាសន្ន។ ប៉ុន្តែលោក គង់ ម៉ាស់ ត្រូវបានដោះលែងមុនគេ បន្ទាប់ពីមានលិខិត និងវីដេអូសារភាពកំហុស។
ក្នុងលិខិតសុំទោសរបស់លោក គង់ ម៉ាស់ បានឱ្យដឹងថា ក្រោយពីអនុវត្តទោសក្នុងពន្ធនាគារដែលតុលាការបានផ្តន្ទាទោសដល់រូបលោករយៈពេល ៥ឆ្នាំ គឺលោកមានការភ្ញាក់រលឹកដឹងខ្លួនថា ចាញ់បោកការឃោសនាបោកបញ្ឆោតរបស់មេដឹកនាំគណបក្សប្រឆាំង ដែលពេលនេះមិនមាននរណាមានវត្តមាននៅកម្ពុជា ដូចការសន្យានោះឡើយ។ លោក គង់ ម៉ាស់ សម្តែងការសោកស្តាយចំពោះទង្វើដែលខ្លួនប្រព្រឹត្តតាមមនោគមន៍វិជ្ជារបស់មេដឹកនាំក្រុមប្រឆាំង និងបានស្នើសុំការសន្ដោសប្រណីពីសម្តេចតេជោ ហ៊ុន សែន ដើម្បីរូបគេបាននៅក្រៅឃុំ។
សកម្មជនក្រុមប្រឆាំងទាំងនេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់, ញុះញង់បង្កអសន្តិសុខសង្គម រួមទាំងបទល្មើសមួយចំនួនទៀត ជុំវិញផែនការប្រកាសវិលត្រឡប់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលរបស់ លោក សម រង្ស៊ី និងបក្ខពួក។
សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ចរន្តនៃការចាកចេញពីគណបក្សប្រឆាំងទៅចុះចូលនឹងគណបក្សកាន់ប្រជាជនកម្ពុជា កំពុងបន្តកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងនោះ សកម្មជនសង្គម សកម្មជនបរិស្ថាន អតីតសមាជិក និងអ្នកគាំទ្របក្សប្រឆាំងកាន់តែច្រើន បានសម្រេចចិត្តចូលរួមសកម្មភាពជាមួយរាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន តែងតែបើកចំហទ្វារស្វាគមន៍ទទួលក្រុមប្រឆាំងណាដែលផ្តាច់ខ្លួនចេញពីទណ្ឌិត សម រង្ស៊ី ជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ អក្ខរា