ក្រសួងមហាផ្ទៃ បានដាក់ចេញផែនការឱ្យក្រុមការងារ ធ្វើការសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីឈានទៅអនុវត្តនូវកម្មវិធីកត់ត្រានេះ និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដោយត្រូវអនុវត្តចាប់ពីភូមិតែម្តង។
ក្នុងកិច្ចប្រជុំក្រុមការងារសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាន លុច អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ បានលើកឡើងថា “យើងចង់ឱ្យមេភូមិនីមួយៗ ស្រងយកទិន្នន័យប្រជាពលរដ្ឋដោយខ្លួនឯង ព្រោះថា កាលពីពេលមុន ពួកគាត់គ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋដោយក្រដាសស្នាម ប៉ុន្ដែឥឡូវតម្រូវឱ្យពួកគាត់មកគ្រប់គ្រងតាមប្រព័ន្ធទូរស័ព្ទវិញ”។ ឯកឧត្តមបន្ដថា ក្រុមការងារ ក៏ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវរៀបចំផែនការ និងបណ្ដុះបណ្ដាលដល់មន្ត្រីរដ្ឋបាលឃុំ សង្កាត់, ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ នូវកម្មវិធីកត់ត្រា និងគ្រប់គ្រង់ទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា ក្រុមការងារសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យ ប្រជាពលរដ្ឋនៅមូលដ្ឋានតាមបណ្តា ភូមិ ឃុំ សង្កាត់ មានភារកិច្ចដូចជា៖ សិក្សាស្រាវជ្រាវអំពីបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់, រៀបចំដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ តាមភូមិសាស្ត្រដែលបានកំណត់, សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ខ័ណ្ឌ រដ្ឋបាលឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋ៕
អត្ថបទ៖ អក្ខរា