អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សប្រមាណ ១៥០ នាក់ ដែលកំពុងសិក្សាថ្នាក់ទី ១២ នៃវិទ្យាល័យសម្ដេច ជួន ណាត ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ទៅទស្សនកិច្ចសិក្សាវិមានឈ្នះ ឈ្នះ សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។
យុវតី ហ័ន់ វិឆេង ជាសិស្សថ្នាក់ទី ១២ “ខ” បានលើកឡើងថា ការចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សានេះ កញ្ញាទទួលបានចំណេះដឹងច្រើន និងច្បាស់លាស់ជាងការអានសៀវភៅប្រវត្តិសាស្ដ្រដែលត្រូវបានរៀបចំឡើង។ វិឆេង បញ្ជាក់ថា “ព្រោះពេលយើងដឹងប្រវត្តិសាស្ដ្រច្បាស់លាស់របស់ខ្មែរកាលជំនាន់ ប៉ុល ពត អីវាថា បើយើងធ្វើចឹងធ្វើឱ្យប្រទេសជាតិយើងដួលរលំ ពិបាក ប្រជាជនរស់នៅវេទនា ប្រជាជនស្លាប់បាត់បង់ វិនាសហិនហោច ទាំងហេត្ថារចនាសម្ព័ន្ធសេដ្ឋកិច្ច និយាយឱ្យចំប្រទេសយើង ពិបាករស់នៅ ចឹងឱ្យកូនខ្មែរជំនាន់ក្រោយចេះស្រលាញ់គ្នា រួបរួមគ្នា ហើយកុំឱ្យរបបនឹងវិលត្រលប់មកវិញជាថ្មីម្ដងទៀត។”
ចំពោះលោក រ៉ន ណារ៉ាត់ ដែលជាសិស្សថ្នាក់ទី១២ ផងដែរនោះ ក៏បានលើកឡើងស្រដៀងគ្នានេះដែរ ដោយលោកថា លោកបានដឹងរឿងរ៉ាវកាន់តែច្បាស់អំពីដំណើរជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងរបបខ្មែរក្រហម ការដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះ ដំណើរការកាត់ទោសមេខ្មែរក្រហម និងទារុណកម្មដែលខ្មែរក្រហមបានប្រព្រឹត្តលើប្រជាពលរដ្ឋខ្មែរនៅក្នុងសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
មិនខុសគ្នាប៉ុន្មានដែរ សម្រាប់កញ្ញា ឃី ស្រីភាស់ ជាសិស្សថ្នាក់ទី១២ “ខ” ផងដែរ បញ្ជាក់ថា កម្មវិធីទស្សនកិច្ចសិក្សានេះ មានសារៈសំខាន់ណាស់សម្រាប់កញ្ញា និងមិត្តរួមថ្នាក់របស់នាង ព្រោះវាអាចជួយឱ្យពួកគេទទួលបានចំណេះដឹងប្រវត្តិសាស្ដ្រពិតប្រាកដពីទង្វើឃោរឃៅរបស់របបខ្មែរក្រហមបានប្រព្រឹត្ដមកលើប្រជាពលរដ្ឋកម្ពុជា ចលនាតស៊ូក្នុងការរំដោះប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាពីរបបប្រល័យពូជសាសន៍ និងរឿងរ៉ាវជុំវិញការជំនុំជម្រះក្ដីលើឧក្រិដ្ឋកម្មក្នុងរបបឃោរឃៅនោះ។
លោក ភី ស៊ីណាត់ តំណាងឱ្យយុវជនដែលចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានៅក្នុងថ្ងៃនេះ បាន ថ្លែងនូវការកោតសរសើរ និងដឹងគុណដល់គោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសនាំមកនូវសុខសន្ដិភាព និងស្ថេរភាពសង្គម។ ហើយលោកក៏សូមអរគុណដល់ អ.វ.ត.ក ដែលបានរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យពួកគាត់បានយល់ដឹង បានទស្សនាទីតាំងឧក្រិដ្ឋកម្មដែលបន្សល់ទុកពីរបបខ្មែរក្រហម និងបានមកឃើញការអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះផងដែរ។
សូមបញ្ជាក់ថា អ.វ.ត.ក បានរៀបចំរៀងទស្សនកិច្ចសិក្សារៀងរាល់សប្ដាហ៍ ជូនសិស្សានុសិស្ស និស្សិត យុវជន និងពលរដ្ឋទូទៅ ដើម្បីជួយជម្រុញដល់ការចងចាំ និងការចូលរួមទប់ស្កាត់ការវិលត្រឡប់មកវិញនូវអំពើឃោរឃៅ ដូចក្នុងរបបខ្មែរក្រហមមកលើទឹកដីកម្ពុជាសាជាថ្មី។ ចាប់តាំងពីតុលាការដំណើការដំបូង រហូតមកដល់ឆ្នាំ២០២៣ នេះ សាធារណជនជាតិ និងអន្តរជាតិជាងកន្លះលាននាក់ហើយ បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សា ក្រោមការសម្របសម្រួល និងរៀបចំដោយផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម៕