សម្ដេចក្រឡាហោម ស ខេង អំពាវនាវគ្រប់តួអង្គក្នុងសង្គម បន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យស្ថិតស្ថេរ

សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់នូវអនុសាសន៍ និងមតិផ្ដាំផ្ញើឱ្យគ្រប់តួអង្គក្នុងសង្គម បន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង រួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ហើយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់ ភូមិ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តឱ្យត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ បន្តរួមគ្នាខិតខំចូលរួមអភិវឌ្ឍន៍មូលដ្ឋានដើម្បីកសាងស្រុក-ក្រុង ឃុំ- សង្កាត់ ភូមិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សមិទ្ធផលទាំងខាងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ដែលប្រទេសជាតិសម្រេចបានរហូតមកទល់ពេលនេះ ពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីនយោបាយ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានា ជាមួយការចាត់តាំងអនុវត្តដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។

លើសពីនេះទៀត សម្តេចក្រឡាហោម បានណែនាំបន្ថែមដល់មន្ត្រីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពសម្រាប់ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ក្នុងខណៈព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ SEA GAME លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាព្រឹត្តិការណ៍ដ៏ធំនេះមានអ្នកចូលរួមពីគ្រប់មជ្ឈដ្ឋាន។
និងត្រៀមខ្លួនដើម្បីចូលរួមគាំទ្រការរៀបចំព្រឹត្តិការណ៍ធំមួយទៀត គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។

សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាមានតួនាទីសំខាន់ៗ គឺទី១ ជាអ្នកចូលរួមក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ពេលបោះឆ្នោតឱ្យប្រព្រឹត្តទៅបានដោយសេរី យុត្តិធម៌ និងគ្មានការគំរាមកំហែង, ទី២ ត្រូវអនុវត្តសិទ្ធិក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីរៀបចំរដ្ឋាភិបាលថ្មី៕

អត្ថបទ៖ អក្ខរា