កម្ពុជា ពង្រឹងការផ្តល់សេវាចាំបាច់ដល់ស្រ្តីកំពុងជាប់ឃុំ នៅពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី បាននិងកំពុងពង្រឹងការផ្តល់សេវាចាំបាច់ដល់ស្រ្តីកំពុងជាប់ឃុំឃាំង ដើម្បីឲ្យពួកគេមានភាពប្រសើរឡើងទាំងមុខជំនាញ មុខរបរនៅពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ។

ជាក់ស្តែង កាលពីថៃ្ងទី១០ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (ក.ជ.ក.ស) និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដឹកនាំគណៈប្រតិភូអន្តរក្រសួង និងមានការចូលរួមអមដំណើរពីតំណាងគណៈមេធាវីចុះស្វែងយល់ពីស្ថានភាពរបស់ស្រ្តីកំពុងជាប់ឃុំឃាំង ក្នុងពន្ធនាគាខេត្តកំពត។

ក្នុងជំនួបនោះ ប្រតិភូបានពិភាក្សា ផ្លាស់ប្តូយោបល់មួយចំនួន និងសំណូមពរ ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរនូវស្ថានភាពរបស់ស្រ្តី ដោយពង្រឹងការផ្តល់សេវាចាំបាច់ដូចជា អាហារូបត្ថម្ភ សុខភាព អនាម័យ ការអប់រំ និងពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខជំនាញផ្សេងៗ ដើម្បីជាមូលដ្ឋានក្នុងការបង្កើតមុខរបរ អាជីវកម្មនៅពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍របស់ពួកគាត់វិញ។

យោងតាមច្បាប់ស្តីពន្ធនាគារ ឆ្នាំ២០១១ មាត្រា ៣៩ ចែងថា អគារឃុំឃាំងជនជាប់ឃុំជាស្ត្រីត្រូវមានមន្ត្រីពន្ធនាគារជាស្ត្រី ប្រចាំការជាអចិន្ត្រៃយ៍។ មិនអនុញ្ញាតឲ្យមន្ត្រីពន្ធនាគារជាបុរសចូលក្នុងតំបន់ជនជាប់ឃុំជាស្ត្រី ដោយគ្មានការអមដំណើរពីមន្ត្រីពន្ធនាគារជាស្ត្រីឡើយ លើកលែងតែក្នុងករណីមានឧប្បត្តិហេតុសង្គ្រោះបន្ទាន់ ឬក្នុងហេតុផល សន្តិសុខ សុវត្ថិភាពពន្ធនាគារ។ មាត្រា ៤០ចែងថា ជនជាប់ឃុំជាស្ត្រីត្រូវបានផ្តល់សេវាគាំពារមាតា និងទារក នៅមុននិងក្រោយពេលសម្រាលកូន។ ជនជាប់ឃុំជាស្ត្រីដែលមានផ្ទៃពោះ ត្រូវបានអនុញ្ញាតឲ្យសម្រាលកូននៅមន្ទីរពេទ្យខាងក្រៅ។ ក្នុងករណីមានជនជាប់ឃុំជាស្ត្រីសម្រាលកូនក្នុងពន្ធនាគារ មិនត្រូវចុះសំបុត្រកំណើតថាទារក នោះកើតនៅក្នុងពន្ធនាគារទេ។

វត្ថុបំណងពីរនៃច្បាប់ស្តីពីពន្ធនាគារឆ្នាំ២០១១ (“ច្បាប់ពន្ធនាគារ) គឺការផ្ដល់ “ការអប់រំ កែប្រែ ស្តារនីតិសម្បទា ដើម្បីធ្វើ សមាហរណកម្មជនជាប់ឃុំទៅក្នុងសង្គមវិញ និងទប់ស្កាត់ការប្រព្រឹត្តបទល្មើសសាជាថ្មី” និង “គ្រប់គ្រងជនជាប់ឃុំឲ្យធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ស្របតាមគោលការណ៍អន្តរជាតិ …”៕

អត្ថបទ៖ អក្ខរា