ភាគីពាក់ព័ន្ធ ឯកភាពជ្រើសរើសការចុះបញ្ជីម៉ាកសមូហភាព សម្រាប់សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា

ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃ “ការចុះបញ្ជីម៉ាកសម្រាប់វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា” ដែលមានសមាសភាពចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម ឯកឧត្តម លោកប្រធាន និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន មន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ប្រធាន-អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងលើកឡើងពីសារបាននៃដំណើរការរៀបចំមជ្ឈមណ្ឌលជំរុញនិងអភិវឌ្ឍន៍វិស័យចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ការចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ព្រមទាំងបានលើកឡើងពីសារៈសំខាន់នៃការចុះបញ្ជីម៉ាកសម្រាប់វិស័យនេះផងដែរ។

ឯកឧត្តមបន្តថា ចម្លាក់ប្រាក់-ស្ពាន់កម្ពុជាគឺជាសិល្បៈប្រពៃណីតំណាងកេរដំណែលវប្បធម៍តាំងពីបុរាណរបស់ខ្មែរ ដែលត្រូវជំរុញទាំងបែបប្រពៃណៃ និងជំរុញបែបពាណិជ្ជកម្ម ជាអាទិ៍ដូចជាផលិតផលចម្លាក់ប្រាក់-ស្ពាន់នៅខេត្តកណ្ដាលដែលយើងត្រូវយកចិត្តទុកដាក់។

ឯកឧត្តមប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានរាយការណ៍អំពីវឌ្ឍនភាពនៃការចុះបញ្ជីម៉ាកសមូហភាព ដែលនឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនិងអនុវត្តប្រើប្រាស់ដោយសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់ ដែលមានសិទ្ធិក្នុងការបំពាក់នូវស្លាកយីហោ ធ្វើអាជីវកម្ម និងហាមឃាត់រាល់ការក្លែងបន្លំនានា។ ក្នុងនោះ អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុស និងលម្អិតទៅលើឯកសារសំខាន់ៗចំនួន ០២ មានដូចជា៖ ១) បទបញ្ជាផ្ទៃក្នុងរបស់សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា “ស.ច.ប.ក” និង ២) បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូលហភាព “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្ដាល”។

ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងឯកភាពលើការជ្រើសរើសការចុះបញ្ជីម៉ាកសមូហភាពសម្រាប់សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា តាមការព្រាងកន្លងមក និងជំរុញឱ្យសមាគមសហព័ន្ធបន្តរៀបចំជាសៀវភៅបន្ទុកសម្រាប់ជាកេរដំណែលស្នាដៃជូនកូនចៅអ្នកបន្តវេន និងឯកភាពលើផែនការការងារដែលត្រូវអនុវត្តបន្តផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម៕

អត្ថបទ៖ អក្ខរា