ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានទទួលជួបជាមួយលោក Benjamin Moreau អនុប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា UN-OHCHR ដើម្បីពិភាក្សាការងារលើរបៀបវារៈសំខាន់ៗ ដូចជា ការងារកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ បច្ចុប្បន្នភាពនៃការអនុវត្តច្បាប់និងសិទ្ធមនុស្សនៅកម្ពុជា ការវិវឌ្ឍនៃដំណើរការស៊ើបអង្កេត និងករណីសំណុំរឿងមួយចំនួននៅតុលាការដែលពាក់ព័ន្ធនឹងសកម្មជន។
ជំនួបពិភាក្សាការងាររវាងក្រសួងយុត្តិធម៌ និង UN-OHCHR នេះ បានប្រព្រឹត្តទៅជារៀងរាល់ខែ តាមការស្នើសុំរបស់ UN-OHCHR និងដោយមានការឯកភាពពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហការរវាងស្ថាប័នទាំងពីរ និងការស្វែងយល់ស៊ីជម្រៅលើការអនុវត្តច្បាប់របស់សមត្ថកិច្ចនិងស្ថាប័នតុលាការ បញ្ហាសិទ្ធិមនុស្ស និងកម្មវិធីកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌។
គួរឲ្យដឹងថា កន្លងទៅកម្ពុជាតែងតែរងការរិះគន់លើបញ្ហាសិទ្ធិមនុស្ស ពីសំណាក់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR)។ ប៉ុន្តែតំណាងកម្ពុជានៅ UN ធ្លាប់បានចាត់ទុកថា OHCHR បានផ្ដល់អាទិភាពចំពោះក្រុមមួយ ហើយមើលរំលងក្រុមផ្សេងៗទៀត ដើម្បីរិះគន់សិទ្ធិមនុស្សនៅកម្ពុជា។ ការធ្វើបែបនេះ គឺជាការបន្ទាបតម្លៃគោលការណ៍អព្យាក្រឹតភាពរបស់ខ្លួន។ រាល់របាយការណ៍របស់ស្ថាប័ននេះ ត្រូវបានកម្ពុជាមើលឃើញថា ពោរពេញទៅដោយខ្លឹមសារលម្អៀង ជ្រើសតែមួយជ្រុង បុរេនិច្ឆ័យ និងមិនផ្អែកលើមូលដ្ឋានត្រឹមត្រូវ ព្រមទាំងការសន្និដ្ឋានមានចរិតនយោបាយ៕
អត្ថបទ៖ អក្ខរា