ឯកឧត្តម ធាវ ឈី ហាន (TEO CHEE HEAN) ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខ នៃសាធារណរដ្ឋសឹង្ហបុរី ចូលរួមអបអរសាទជាមួយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ហើយឯកឧត្តម ក៏បានលើកថា ប្រជាពលរដ្ឋកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅគ្រប់អត្តពលិកពីគ្រប់ប្រទេសមកកាន់កម្ពុជា។ ឯកឧត្តម ផ្ទាល់ បានទស្សនកិច្ចនៅទីកន្លែងដែលអត្តពលិកស្នាក់នៅ ហើយបានឃើញនូវការរៀបចំទទួលបដិសណ្ឋារកិច្ច កន្លែងស្នាក់នៅ មធ្យោបាយដឹកជញ្ជូន និងកិច្ចការងារផ្សេងៗ ត្រូវបានរៀបចំបានយ៉ាងល្អប្រសើរ ដែលបានផ្ដល់ឱកាសដ៏ល្អសម្រាប់អត្តពលិក ដោយផ្ដោតសំខាន់ទៅលើការប្រកួតកីឡារបស់ខ្លួន។
ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានចាត់ទុកថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ គឺមិនត្រឹមតែជាព្រឹត្តិការណ៍សម្រាប់ប្រកួតប្រជែងដណ្ដើមមេដាយប៉ុណ្ណោះទេ ប៉ុន្ដែគឺជាព្រឹត្តិការណ៍មួយក្នុងការកសាងពង្រឹងនូវសាមគ្គីភាព និងមិត្តភាពរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ។
មន្ត្រីជាន់ខ្ពស់សន្តិសុខសិង្ហបុរី បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្តីទី នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្ដេចក្រឡាហោម នាយករដ្ឋមន្ដ្រីស្តីទី បានជម្រាបជូនថា នេះជាលើកទី១ ក្នុងរយៈពេលជាង ៦០ឆ្នាំ ដែលកម្ពុជា រងចាំក្នុងការទទួលបានឱកាសរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដ៏មានសារៈសំខាន់នេះ។ សម្ដេច សូមថ្លែងអំណរគុណចំពោះសិង្ហបុរី ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ដែលបានចូលរួមគាំទ្រ ដល់ការបំពេញតួនាទីធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ត្រនេះ។
សូមជម្រាបថា ឯកឧត្ដមទេសរដ្ឋមន្ត្រី Teo Chee Hean កំពុងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏នឹងចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងតួនាទីជាប្រធានកិត្តិយសរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាស៊ីហ្គេម៕
អត្ថបទ៖ អក្ខរា