កំពុងរវល់ស៊ីហ្គេម! ជនខិលខូចឆ្លៀតឱកាសលួចកាប់ឈើ ដុតព្រៃ រានយកដី ក្នុងឧទ្យានឫស្សីត្រឹប

ខណៈកម្ពុជាកំពុងរវល់ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម មានជនខិលខូចឆ្លៀតឱកាសលួចកាប់ឈើកម្រ ដុតព្រៃ រានយកដី ក្នុងដែនឧទ្យានតេជោសែន ឫស្សីត្រឹប។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា។

លោកបណ្ឌិត សុខ ទូច បានឲ្យដឹងលើហ្វេសប៊ុកនៅយប់ថ្ងៃទី៨​ ខែឧសភានេះថា៖ «ពេញមួយថ្ងៃនេះ ក្រុមការងារយើងបានចុះល្បាត ព្រៃឈើក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប យើងឃាត់សកម្មភាពកាប់ ដើមកកោះ និងឈើក្រម។ យើងបានរឹបអូសសម្ភារៈរបស់ក្រុមដែលមកកាប់ឈើ រួមមាន គោយន្ត និងរណារយន្ត២គ្រឿង ( យើងមិនបានឃាត់ជនបង្កទេ ព្រោះហួសដែនសមត្ថកិច្ចរបស់យើង) ។ យើងនឹងបន្តល្បាតជាប្រចាំ ដើម្បីអភិរក្សឈើ នៅក្នុងដែនឧទ្យាន តេជោសែនឫស្សីត្រឹប ព្រោះយើងមិនមែនថាតែមាត់ទេ»។

ប្រភពពីហ្វេសប៊ុកលោកបណ្ឌិត សុខ ទូច ដដែលបានឲ្យដឹងទៀតថា រាជបណ្ឌិត្យសភាមានគំរោងដាំដើមឈើឱ្យបានមួយលានដើម នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប តែត្រូវអ្នកបំផ្លាញ គ្រប់ទិស ដូចជា ដុតព្រៃ រានយកដី លែងសត្វពាហនៈឱ្យចូលស៊ីបំផ្លាញ។

លោកបណ្ឌិតក៏បានបង្ហាញទីតាំងមួយកន្លែងខាងក្រោមនេះ កន្លងមកបានចូលរួមដាំ រួមមានគណអភិបាលខេត្តព្រះវិហារ, គណអភិបាលខេត្តកំពង់ស្ពឺ, ថ្នាក់ដឹកនាំ និងមន្ត្រី តាជបណ្ឌិត្យសភាកម្ពុជា សិស្ស និស្សិត និងមន្ត្រីមូលដ្ឋានជាច្រើននាក់។ តែពេលនេះ មានអ្នកមកកាប់បំផ្លាញចោល ហើយដាំដំឡូង។ លោកបណ្ឌិត សុខ ទូច សង្កត់ធ្ងន់ថា៖ «យើងមិនបន្តឱ្យដាំទៀតទេ គឺយើងអភិរក្សនៅដើមឈើដែលមាន»។

គួរកត់សម្គាល់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប នៅតែរងការកាប់បំផ្លាញឈើ អារ ពុះ និងច្រៀក ដឹកយកទៅធ្វើជំនួញដោយខុសច្បាប់ពីសំណាក់ក្រុមជនខិលខូច ឆ្លៀតឱកាស បើទោះបីជាមានការចូលរួមទប់ស្កាត់ពីមន្ត្រីជំនាញយ៉ាងណាក៏ដោយ។

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ត្រូវបានព្រះមហាក្សត្រកម្ពុជាទ្រង់បានឡាយព្រះហស្ថលេខា និងចេញព្រះរាជក្រឹត្យ ដាក់ជាតំបន់អភិរក្សនៅក្នុងឆ្នាំ ២០១៤ ដើម្បីការពារសម្បត្តិព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប នៅក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ៕

អត្ថបទ៖ អក្ខរា