ឯកឧត្តម ហ៊ុន ម៉ាណែត​ ជួបសំណេះសំណាលជា​​មួយ​​​រដ្ឋមន្ត្រី​​ទ​ទួល​បន្ទុក​​សម្រប​សម្រួល​​សន្តិសុខ​ជាតិ​សិង្ហ​បុរី​

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ បាន​ទទួល​ជួប​សំណេះ​សំណាលជាមួយ ឯកឧត្តម Teo Chee Hean ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកសម្រប​សម្រួល​សន្តិសុខ​ជាតិ នៃសាធារណរដ្ឋសិង្ហបុរី ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចទ្វេភាគីនៅព្រះរាជាណាចក្រកម្ពុជា និង​ដើម្បី​​ចូលរួមទស្សនាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។

ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាពជិតស្និទ្ធ និងយូរអង្វែង រវាងកម្ពុជា-សិង្ហបុរី រាប់ពីការចាប់ផ្តើមនៃទំនាក់ទំនងការទូតដំបូងក្នុងឆ្នាំ១៩៦៥ ក្រោយពេលដែល  សិង្ហបុរីក្លាយជារដ្ឋឯករាជ្យ ដែលនៅពេល​នោះ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងបង្អស់  ដែលបានទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។

ឯកឧត្តម បណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកាន់តែប្រសើរឡើងនៃ ទំនាក់ទំនងកិច្ច សហប្រតិបត្តិការលើ​គ្រប់​វិស័​យ​រវាងប្រទេសទាំងពីរ ដែលមានលក្ខណៈជិតស្និទ្ធ, ស៊ីជម្រៅ និងប្រកប  ដោយទំនុកចិត្ត ដោយក្នុងនេះ សិង្ហបុរី​​ក៏បាន​ផ្តល់ការគាំទ្រផងដែរចំពោះភាពជាប្រធាន អាស៊ានឆ្នាំ ២០២២ របស់កម្ពុជា ក៏ដូចជាការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍​​កីឡា​អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២​៣ តាមរយៈការផ្តល់ការហ្វឹកហ្វឺនផ្នែកការពារ​សន្តិសុខ-សុវត្ថិភាពដល់បណ្តាកងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាដើម។

ជាការឆ្លើយតប ឯកឧត្តម Teo Chee Hean បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា​​-សិង្ហបុរី ដែលកំពុងមានវឌ្ឍនភាពរីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់ និងបានថ្លែងនូវការកោតសរសើរចំពោះ​​ជោគជ័យ​របស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗជាលក្ខណៈតំបន់ជាច្រើន ជាពិសេសភាពជាប្រធានអាស៊ានឆ្នាំ​​២០​​២២ និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះអត្ត​ពលិ​​ក និងគណៈប្រតិភូកីឡារបស់សាធារណរដ្ឋសិង្ហបុរី ដែលកំពុ​ងចូលរួមការប្រកួត​នៅកម្ពុជា៕ អត្ថបទ៖ សីហា