ត្បិតគុនល្បុក្កតោកម្ពុជា បានបង្ហាញវត្តមានជាលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែ កីឡាប្រពៃណីរបស់កម្ពុជាមួយនេះ ដណ្តើមបានមេដាយមាសបន្តបន្ទាប់។
ក្នុងនោះ កីឡាករល្បុក្កតោ ចុន ចិត្ត បានឈ្នះមេដាយមាសលើវិញ្ញាសាប្រយុទ្ធ ទម្ងន់៦០គីឡូក្រាម ក្រោយយកឈ្នះកីឡាករឥណ្ឌូណេស៊ី ដោយពិន្ទុ នៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌលជ្រោយចង្វា។ រីឯកីឡាករគុនល្បុក្កតោ ឌឹប ង៉ែត បានយកឈ្នះគូប្រជែងហ្វីលីពីន Ariel Lee Biadno Lampacan លើទម្ងន់៥៥គីឡូក្រាម ទទួលបានមេដាយមាស ក្នុងការប្រកួតនៅមជ្ឈមណ្ឌលជ្រោយចង្វារ នាល្ងាចថ្ងៃទី៨ ខែឧសភា។
ចំណែកម្ចាស់ផ្ទះកម្ពុជា កីឡាការិនី ស៊ិន សៀវសៀន ឈ្នះមេដាយមាស ១គ្រឿងបន្ថែមទៀត លើប្រភេទកីឡាគុនល្បុក្កតោ វិញ្ញាសាសម្តែងអាវុធមានមុខផ្នែកនារី។ រីឯកីឡាករកម្ពុជា អៃ សំអុន បានឈ្នះមេដាយមាស លើប្រភេទកីឡាគុនល្បុក្កតោ វិញ្ញាសាសម្តែងអាវុធមានមុខ ផ្នែកបុរស ដែលជាមេដាយមាសទី៥ របស់ម្ចាស់ផ្ទះលើប្រភេទកីឡាគុនល្បុក្កតោ។
កីឡាការិនីល្បុក្កតោ យស សញ្ចនា បានមេដាយមាសលើវិញ្ញាសាទ្វាមេគុនដៃឯកត្តជន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។ ជាមួយគ្នានេះ កីឡាករគុនល្បុក្កតោ គីម ទិត្យសុវឌ្ឍនៈ ទទួលបានមេដាយមាសលើវិញ្ញាសាទ្វាមេគុនអាវុធឥតមុខ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។
ភាគជោគជ័យទាំងនេះ ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរផងដែរ។
គួរបញ្ជាក់ថា ក្បាច់គុនអត្តសញ្ញាណជាតិរបស់កម្ពុជា គឺ «គុនល្បុក្កតោ» ត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក។
កាលពីល្ងាចថ្ងៃទី០៤ ខែឧសភា កម្ពុជាបានប្រកាសពីជោគជ័យថ្មីមួយទៀត ក្នុងការដាក់បញ្ចូលកីឡាគុនល្បុក្កតោ និងកីឡាប្រដាល់គុនខ្មែរ ទៅធម្មនុញ្ញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ជាផ្លូវការ នៅក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ ការឯកភាពដាក់កីឡាគុនល្បុក្កតោ និងគុនខ្មែរ ក្នុងធម្មនុញ្ញស៊ីហ្គេមនេះ នាំឲ្យកីឡាប្រពៃណីរបស់កម្ពុជាទាំងពីរ ត្រូវបានទទួលស្គាល់ដោយផ្លូវច្បាប់ និងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្ដរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅបណ្ដាប្រទេសផ្សេងទៀត៕
អត្ថបទ៖ អក្ខរា