សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណសប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា

ថ្ងៃនេះ គឺជាខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣​ ក្រោមប្រធានបទ​«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា​ ដេីម្បីបរិយាបន្នសង្គម»​។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃនេះ អបអរសាទរខួបទី១៦០​ ទិវាពិភពលោកកាកបាទក្រហ​ម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា។ សម្តេចតេជោ ថ្លែងអំណរគុណរព្រះគុណដល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ជាមួយកាកបាទក្រហមកម្ពុជា និងតែងតែបានយាងចុះជួយប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង។

ជាមួយគ្នានេះ សម្តេចតេជោក៏ថ្លែងអំណរគុណដល់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចំណែកជួយដល់កាកបាទក្រហមកម្ពុជា នាពេលកន្លងមកដើម្បីបម្រើដល់ស្ថាប័នមនុស្សធម៌ដ៏មានសារៈសំខាន់មួយនេះ។

ទន្ទឹមគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានឧបត្ថម្ភថវិកាជាបន្តបន្ទាប់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕

អត្ថបទ៖ អក្ខរា