នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាស​បន្ត​ដឹកនាំសហព័ន្ធ​កីឡា​បាល់ទាត់ ក្រោយ​មានការ​អំពាវនាវ​ពី នាយករដ្ឋមន្ត្រី​និង​មជ្ឈដ្ឋាន​នានា

នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឡើងវិញ ក្រោយពីមានការអំពាវនាវពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មជ្ឈដ្ឋាននានា និងអ្នកនិយម ស្នេហាវិស័យកីឡាបាល់ទាត់។ ការប្រកាសបន្តដឹកនាំវិញនេះ ធ្វើឡើងបន្ទាប់ឯកឧត្តម បានប្រកាសលាលែង ពីតំណែងក្រោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតចាញ់ក្រុមមីយ៉ាន់ម៉ា ក្នុងលទ្ធផល២ទល់០ កាលពីថ្ងៃម្សិលមិញ។

ក្នុងលិខិតឆ្លើយតប នៅល្ងាចថ្ងៃទី០៨ ខែឧសភានេះ នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលយកនូវការអំពាវនាវពី សម្តេចអគ្គមហាសេនាបតីតេជោ និងបងប្អូនអ្នកនិយម ស្នេហាវិស័យកីឡាបាល់ទាត់ ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនអ្នកឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្ត ភក្កិបរទេសទាំងអស់ដើម្បីបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទៅតាមអាណត្តិ នៃការបោះឆ្នោតរបស់ខ្លួន ។

ដើម្បីឆ្លើយតបទៅ នឹងទំនុកចិត្តរបស់សម្ដេចតេជោ និងបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា ក៏អំពាវនាវ ចំពោះក្លិប សមាគមជាសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មន្ត្រី បុគ្គលិក គ្រូបង្វឹក អាជ្ញាកណ្ដាល កីឡាករ ត្រូវបន្តធ្វើកំណែទម្រង់លើគ្រប់ផ្នែកដើម្បីភាពជឿនលឿនថ្មីសម្រាប់វិស័យបាល់ទាត់នៅកម្ពុជា ដើម្បីសុខភាព មិត្តភាព និងកិត្តិយសជាតិតាមរយៈការប្រកួតកីឡាបាល់ទាត់ជាលក្ខណៈអន្តរជាតិសម្រាប់អនាគតកាល ។

គួរបញ្ជាក់ថា កាលនារាត្រីថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់ ដោយប្រគល់ភារកិច្ចជូនលោក ខៀវ សាម៉េត អនុប្រធានសហពន្ធ័ជាប្រធានស្តីទី។ ហើយក៏បានសូមអភ័យទោសដែលពុំអាចនាំកិត្តិយសជូនជាតិបានតាមរយះការប្រកួតបាល់ទាត់ក្នុងព្រិត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការលាលែងពីតំណែងនេះ ទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនអ្នកឧបត្ថម្ភ ទស្សនិកជនស្នេហាកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុនអ្នក ឧបត្ថម្ភ បណ្តាញផ្សព្វផ្សាយ និងមិត្តភក្តិបរទេសទាំងអស់ បានគាំទ្រនិងអំពាវនាវឱ្យនាយឧត្តមសេនីយ៍ សៅ សុខា បន្តតំណែងដឹកនាំកីឡាបាល់ទាត់កម្ពុជា ៕