សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឲ្យ​ប្រើ​​វិធី​សា​ស្ត្រថ្មីៗ ដើ​ម្បី​​​លុប​បំបាត់ជំងឺ​គ្រុន​ចាញ់​ទាំងស្រុង នៅឆ្នាំចុងក្រោយនៃផែនការយុទ្ធ​សាស្ត្រជាតិ

តាមរយៈសារលិខិតក្នុងឱកាសទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានវិធីសាស្ត្រឬគំនិតច្នៃប្រឌិតថ្មីៗ ជំរុញការលើកទឹកចិត្ត ដើម្បីប្រមូលផ្តុំថាមពលថ្មីពីគ្រប់មជ្ឈដ្ឋាន ដោយត្រូវផ្តុំគ្នាទាំងក្នុងកម្រិតសហគមន៍ រាជរដ្ឋាភិបាល និងដៃគូនានា ដើម្បីឈានឆ្ពោះទៅសម្រេចជោគជ័យគ្មានជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា នៅដំណាច់ឆ្នាំ២០២៥នេះ និងក្នុងសកលលោក នាឆ្នាំ២០៣០។

ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តីដូចនេះ ធ្វើឡើង ស្របពេលដែលឆ្នាំ២០២៥នេះ ជាឆ្នាំចុងក្រោយនៃផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងកម្ពុជា ឆ្នាំ២០១១-២០២៥ ហើយដំណើរឆ្ពោះទៅបញ្ចប់ជំងឺគ្រុនចាញ់ ទាមទារឱ្យមានការលើកទឹកចិត្តនិងការវិនិយោគបន្ថែមទៀត ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រទេសកម្ពុជាមានមោទកភាពយ៉ាងខ្លាំងលើមាគ៌ាដ៏ត្រឹមត្រូវ របស់ផែនការយុទ្ធសាស្ត្រជាតិ ដោយបានសម្រេចនូវសមិទ្ធផលផ្លែផ្កានៃគោលដៅជាបន្តបន្ទាប់រួមមាន ទប់ស្កាត់ មិនឱ្យមានភាពស៊ាំថ្នាំគ្រុនចាញ់តាំងពីឆ្នាំ២០១៥ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និង គ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធំឆ្នាំ២០២៤។

ហើយឆ្នាំ២០២៤ ជំងឺគ្រុនចាញ់មានត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ គឺបានកាត់បន្ថយ៧៥ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡីករណ៍របស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់។

ទន្ទឹមនឹងនេះ សម្តេចនាយរដ្ឋមន្ត្រី បានបន្តថា ប្រទេសកម្ពុជាកំពុងតែឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់ឆ្នាំ២០២៥ នេះ ដែលជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ប៉ុន្តែកម្ពុជាក៏មិនអាចបន្ធូរដៃបានឡើយ ព្រោះថាដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានជាស្ថាពរ១០០ភាគរយ ត្រូវតែបន្តខិតខំ ប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធាន ចូលរួមសហការជាមួយគ្នា ដើម្បីធានាកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់ការនាំចូលជំងឺគ្រុនចាញ់ពីក្រៅប្រទេស ។

គួរបញ្ជាក់ថា ទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ក្រោមប្រធានបទ “យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ” ដែលជាគំនិតផ្តួចផ្តើម សកលក្នុងការអន្តរាគមន៍យុទ្ធនាការសុខភាពឡើងវិញ ដោយពន្លឿនការលុបបំបាត់ជំងឺតាមរយៈការលើកកម្ពស់ ការយកចិត្តទុកដាក់ ទំនួលខុសត្រូវរួមគ្នា និងកៀរគរធនធានបន្ថែមទៀត៕

អត្ថបទ៖ ពុទ្ធិកា