សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តបទៅនឹងអ្នកចូលបញ្ចេញមតិយោបល់ពាក់ព័ន្ធសិទ្ធិកុមារ ចំពោះករណីក្មេងស្រីតូចដ៏គួរឲ្យអាណិតស្រឡាញ់ ដែលបានឈរលក់ផ្កាឲ្យភ្ញៀវទេសចរ នៅរមណីយដ្ឋានមួយកន្លែង។
នៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី២៣ ខែមេសា សម្តេចតេជោបានសរសេរថា៖ «ខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជាជំនួយការខ្ញុំដែលបានរកឃើញកុមារីស៊ុន ស្រីតីអាយុ៤ឆ្នាំ។ ខ្ញុំនឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់នៅព្រឹកថ្ងៃអាទិត្យទី២៧មេសា ឆ្នាំ២០២៥នៅផ្ទះរបស់ខ្ញុំ។ ពេលនោះខ្ញុំនឹងពិភាក្សាអំពីការរៀបចំគ្រួសារមួយនេះដែលមានទាំងចៅស៊ុនស្រីតីគួរឲ្យអាណិតស្រឡាញ់ផងដែរ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំសូមអរគុណចំពោះបងប្អូនដែលចូលមកខមិន(comment) លើកពីសិទ្ធិកុមារតែខ្ញុំសូមអង្វរករសូមកុំទៅលឿនហួសពីសិទ្ធិរស់រានមានជីវិតដែលវាផ្តើមចេញពីក្រពះ និងសូមកុំប្រញាប់វិនិច្ឆ័យមុនពេលយើងដឹងរឿងពិត ដែលវាជាការវាយប្រហារលើឪពុកម្តាយចៅស្រីដ៏កំសត់នេះថែមទៀត»។
សម្តេចតេជោ បានបញ្ជាក់ទៀតថា «ខ្ញុំនៅចាំបានថាកាលខ្ញុំនៅមានអាយុ ៥ឬ៦ឆ្នាំខ្ញុំក៏ធ្លាប់ចុះទឹករកខ្យង ចាប់ត្រីចាប់ក្តាមឲ្យម៉ែស្លទទួលទានដែរនោះវាលំបាកជាងចៅលក់ផ្កាទៅទៀត។
រឿងបែបនេះមិនអាចនិយាយថាពលកម្មកុមារសិទ្ធិកុមារដោយបំភ្លេចចោលសិទ្ធិមានចំណីអាហារបានទេព្រោះគ្មានជម្រើសព្រោះពុកនិងបងៗ មិននៅផ្ទះម៉ែខ្លាចឈ្លើងមិនហ៊ានចុះទឹកចំណែកប្អូនស្រីៗនៅតូចៗ មិនចេះហែលទឹកតម្រូវឲ្យខ្ញុំត្រូវធ្វើ ដើម្បីក្រពះ ទាំងម្តាយនិងកូន៤នាក់»។
«សិទ្ធិរស់រានមានជីវិតត្រូវតែមានមុនគេបើស្លាប់ទៅហើយសូមកុំនិយាយពីសិទ្ធិផ្សេងទៀតធ្វើអ្វី»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន៕
