សម្ដេចតេជោ ហ៊ុន សែន៖ ទស្សនកិច្ចលោកជំទាវនាយករដ្ឋមន្រ្តីថៃ នឹងនាំមកនូវការពង្រឹងបន្ថែម នៃភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្រ្តី ដែលនឹងនាំមកនូវការពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ស្របពេលដែលឆ្នាំនេះ គឺជាខួប៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ហើយដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើសកម្មភាពព្រមៗគ្នា។

ការលើកឡើងរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានធ្វើឡើងនៅឱកាសទទួលទទួលស្វាគមន៍លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ក្នុងជំនួនសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ឆ្លៀតនាឱកាសនោះ សម្តេចតេជោ គូសរំលេចថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ» បន្ថែមទៀត ពីព្រោះប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងច្រើន និងលើគ្រប់វិស័យ។ ដូចនេះ ប្រទេសទាំងពីរត្រូវជំរុញការអនុវត្តសកម្មភាព លើកកម្ពស់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តនេះ ទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» នាពេលអនាគត។

គួរជម្រាបជូនថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា-ថៃ នៅត្រីមាសទី១ ឆ្នាំ២០២៥ សម្រេចបានជាង១ពាន់លានដុល្លារកើនឡើង២,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានជាង២៥៥លានដុល្លារ ថយចុះជាង១០% ខណៈកម្ពុជា នាំចូលពីថៃវិញមានទំហំជាង៨៩៣លានដុល្លារកើនឡើង៦,៧%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ៕