កាកបាទក្រហមកម្ពុជា ប្រជុំគណៈកម្មការ អនុគណៈកម្មការ ដើម្បីកៀរគរកជំនួយគាំទ្រទិវា៨ឧសភា២០២៥

កិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃ កាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖ ‘’រួមគ្នាស្ម័គ្រ​ចិត្ត ដើម្បី​សហគ​មន៍​មាន​សុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ’’ ក្រោមអធិបតី លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំ។

ជាកិច្ចចាប់ផ្តេីមលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអានសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណ:កម្មាការ និងអនុគណ:កម្មាការ។ ជាមួយគ្នានេះដែរលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ក៏បានជម្រាបជូនអំពីការងារដែលអនុវត្តន៍កន្លងមករបស់អនុគណ:កម្មាការខ្លឹមសារ បេីទោះបីជាកិច្ចប្រជុំនេះជាលេីក​ដំបូង ក៏ប៉ុន្តែអនុគណ:កម្មាការខ្លឹមសារ បានអនុវត្តន៍ការងាររបស់ខ្លួនមួយជំហានមុនរយះពេល១ខែមកហេីយ ក្នុងនោះដោយចាប់ផ្តេីមពីការធ្វើសន្និសីទសារព័ត៌មានដេីម្បីធ្វេីការផ្សព្វផ្សាយ អំពីគោលការណ៍ សម្រាប់ការចុះផលិតព័ត៌មានក៏ដូចជាសមិទ្ធផលមួយឆ្នាំរបស់ កក្រក រួមទាំងការចងក្រងជា បទយកការណ៍ និងឯកសារផ្សេងៗ ដេីម្បីរួមចំណែកផ្សព្វផ្សាយអត្ថន័យទិវា ៨ឧសភា ក្នុងនោះ កក្រក ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដេីម្បីគៀងគររកមូលនិធិពីសប្បុរសជននានា ដេីម្បីតម្កល់ទុកប្រេីប្រាស់ក្នុងបុព្វហេតុមនុស្សធម៌ សម្រាប់ឆ្នាំបន្ត។

ដោយឡែកលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹក បានជម្រាបជូនអំពីរបៀបនៃការគៀរគរប្រភពមូលនិធិពីបណ្តាលសប្បុរសជននានា ទាំងក្នុងវិស័យរដ្ឋ និងឯកជន បេីទោះជាការគៀងគរនេះមានរយះពេលខ្លីមែនបេីប្រៀបធៀបទៅឆ្នាំមុន តែសង្ឃឹមថាសប្បុរសជននៅតែបន្តចូលរួមចំណែក ចែករំលែកក្តីស្រលាញ់ជាមួយកក្រក ក្នុងបុព្វហេតុមនុស្សធម៌។

មានប្រសាសន៍ក្នុងកិច្ចប្រជុំដ៏មានអត្ថន័យនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានកោតសសេីរចំពោះគណ:កម្មាការ និងអនុគណ:កម្មាការទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជម្រុញការផ្សព្វផ្សាយ ទាំងផ្នែកខ្លឹមសារ និងទាំងផ្នែកមូលនិធិ ក្នុងរយះពេលកន្លងមក ។ តែទោះជាយ៉ាងនេះក្តី លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍មួយចំនួនដេីម្បីបង្កេីនការគៀរគររកមូលនិធិ ក្នុងនោះក្រៅពីការផ្សព្វផ្សាយព័ត៌មាន លេីបណ្តាញ ទូរទស្សន៍ ទាំងរដ្ឋឯកជន និងប្រព័ន្ធផ្សព្វផ្សាយសង្គម យេីងគួរតែទំនាក់ទំនងជាមួយអ្នកបង្កេីតមាតិការដែលមានប្រជាប្រិយភាពក្នុងសង្គមដេីម្បីឲ្យជួយផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ទិវា ៨ ឧសភា ឲ្យកាន់តែមានភាពផុលផុស ។ សំដៅជម្រុញឲ្យសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសចូលរួមបរិច្ចាគវិភាគទានដោយការស្ម័គ្រចិត្តជូន កក្រក ដេីម្បីសមាគមជាតិមួយនេះមាននិន្តរ៍ភាពក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតទូទាំងប្រទេស ។

ក្នុងកិច្ចប្រជុំនេះដែរឆ្លេីយតបទៅនិងសំណេីររបស់ឯកឧត្តម ឃួង ស្រេង ដែលចង់បង្កេីតព្រឹត្តិការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ ដេីម្បីគៀរគររកមូលនិធិសម្រាប់ទ្រទ្រង់ កក្រក ក្នុងឱកាស ៨ឧសភា និងខួប៧០ឆ្នាំ កក្រក លោកជំទាវបណ្ឌិត បានយល់ស្រប ប៉ុន្តែលេីពេលវេលាសមស្របណាមួយ ។

ក្នុងនាមភរិយានាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត បានសន្យាថានិងខិតខំអំពាវនាវទៅដល់ភរិយាថ្នាក់ដឹកនាំក្នុងជួររាជ​រដ្ឋាភិបាល ដេីម្បីចូលរួមចំណែកជាវិភាគទានដល់បុព្វហេតុមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា ៖ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដែលប្រារព្វឡេីងស្របពេលខួបទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា នឹងប្រព្រឹត្តិ ក្រោមមូលបទ រួមគ្នាស័្មគ្រចិត្ត ដេីម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ៕