ការជួបជុំសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ បង្ហាញច្បាស់ថាពលរដ្ឋចង់បានសុខសន្តិភាព និងបដិសេធក្រុមនយោបាយប៉ុនប៉ង​នាំតែក្តីអន្តរាយ

ពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ បង្កើតបានស្នាមមញឹមរបស់ប្រជាពលរដ្ឋក្រោមម្លប់សន្តិភាព រីករាយស្វាគមន៍ទេវតាឆ្នាំថ្មី ជាមួយនឹងការអបអរសាទរសមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

មានមេដឹកនាំល្អនាំសុខសាន្តត្រាណ ស្នាមញញឹម និងភាពសប្បាយរីករាយឲ្យប្រជាពលរដ្ឋ មានឱកាសជួបជុំក្រុមគ្រួសារ មិត្តភ័ក្រ្ត បងប្អូន ផ្ទុយពីក្រុមជ្រុលនិយមតែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋពីមួយថ្ងៃៗតាមរយៈបញ្ចេញសារនយោបាយលាបពណ៌ ញុះញង់ បំបែកបំបាក់ ប្រឌិតរឿង ផុសព័ត៌មាន Fake News ដែលសុទ្ធសឹងជានយោបាយបង្កជម្លោះដ៏គ្រោះថ្នាក់ ហើយត្រូវតែកម្ចាត់ឲ្យទាន់ពេលវេលា។

បុណ្យប្រពៃណីជាតិឆ្នាំម្សាញ់នេះ ប្រារព្ធឡើងយ៉ាងឳឡារឹកអធិកអធមតាមបណ្តារាជធានីខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមស្រុកភូមិនានាបានរៀបចំសង្រ្កាន្តឆ្នាំថ្មី ដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករនៅទូទាំងប្រទេសជាង ២៣លាននាក់។ នៅខេត្តសៀមរាប មានព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» រៀបចំពី ស.ស.យ.ក បានស្វាគមន៍ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងទេសចរអន្តរជាតិជាង ២លាន ៧សែននាក់ ហើយនេះគឺជាផ្លែផ្កានៃសុខសន្តិភាព។ បើគ្មានសុខសន្តិភាព គ្មានការអភិវឌ្ឍ គ្មានហេដ្ឋារចនាសម្ពន្ធ និងគ្មានការបង្កលក្ខណៈងាយស្រួលពីសំណាក់រាជរដ្ឋាភិបាលទេ ប្រហែលប្រជាពលរដ្ឋខ្មែរប្រាកដណាស់គ្មានឱកាសកម្សាន្តសប្បាយបែបនេះឡើយ។

កាន់តែពិសេស សម្តេចធិបតីអនុញ្ញាតឱ្យមានការដឹកជញ្ជូនតាមរថយន្តក្រុងឥតគិតថ្លៃធ្វើដំណើរទៅមកស្រុកកំណើត ដែលជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ យុវជន សិស្ស-និស្សិត និងកម្មករ កម្មការី។ នេះគឺជាទឡ្ហីករណ៍បង្ហាញថា ប្រជាពលរដ្ឋខ្មែរទទួលបានផលពីការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ តឹកតាងទាំងនេះក៏សបញ្ជាក់ថា ពលរដ្ឋចង់បានស្នាមញញឹម ការជួបជុំសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ដោយបដិសេធចោលទាំងស្រុងក្រុមនយោបាយប៉ុនប៉ងនាំតែក្តីអន្តរាយ។