ក្រោយជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន ក៏បានចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារសរុបចំនួន៣៧ ពាក់ព័ន្ធវិស័យសំខាន់ៗមួយចំនួន។
ឯកសារសរុបចំនួន៣៧ រួមមាន ការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិនបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
សម្តេចបវរធិបតីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។

ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា, ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានលើកឡើងថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
ឯកឧត្តម ស៊ី ជីនពីង ប្តេជ្ញាជំរុញវិនិយោគិននិងទេសចរចិនកាន់តែច្រើន មកកម្ពុជា បន្តផ្តល់ជំនួយសម្រាប់សកម្មភាពកម្ចាត់មីន បន្តជួយគម្រោងផ្លូវ ជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គីសនី ព្រមទាំងផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិនចំនួន ១.០០០ កន្លែងក្នុងរយៈពេល៣ឆ្នាំ៕
អត្ថបទ៖ ពុទ្ធិកា
