ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត ២លាននាក់ ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» នៃពិធីបបុណ្យចូលឆ្នាំថ្មី

រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត នៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» មានចំនួនមានចំនួន ១,៧៤១,៧៩៥នាក់ ក្នុងនោះមានភ្ញៀវជាតិ ១,៧៣៨,៩០៦នាក់ និងភ្ញៀវអន្តរជាតិ ២,៨៨៩នាក់។

នៅថ្ងៃចុងក្រោយបន្ទាប់ពីបានធ្វើពិធីស្រង់ព្រះក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» នៅតំបន់សាសនាបរិវេណមុខអគារសារមន្ទីរប្រវត្តិសាស្ត្រសាលាខេត្ត ដែលដឹកនាំដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្រង់ព្រះក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង»

ពិធីបានធ្វើឡើងនាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅតំបន់សាសនា នៅបរិវេណមុខអគារសារមន្ទីរប្រវត្តិសាស្ត្រមុខសាលាចាស់ខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពនានា មន្រ្តីរាជការកងកម្លាំងទាំង៣ប្រភេទ ថ្នាក់ដឹកនាំយុវជន ស.ស.យ.ក ខេត្ត តាជី យាយជី មួយចំនួនផងដែរៗ។

បន្ទាប់ពី ឯកឧត្តម សុខ លូ បានដឹកនាំក្រុម ការងារដើរមើលកម្សាន្តនៅតាមគោលដៅនានា និងថ្លែងអំណរគុណដល់ក្រុមការងារ ស.ស.យ.ក ខេត្តទាំងអស់ដែលបានរួមកិច្ចសហការបង្កើតព្រឹត្តការណ៍សង្រ្កាន្តនេះឡើងជារៀងរាល់ឆ្នាំ និងក្រុមការងារ និងអាជីវករទាំងអស់បានចូលរួម ដើម្បីធ្វើឱ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្តព្រមទាំងភ្ញៀវទេសចរអន្តរជាតិ បានមកលេងកម្សាន្តយ៉ាងច្រើនកុះករ មានការកើនឡើងជាឆ្នាំមុនៗ បានយ៉ាងសប្បាយរីរាយក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» ក្រោយពីរាជរដ្ឋាភិបាលបានកំណត់ជាបុណ្យជាតិដ៏ធំមួយក្នុងពិធីបុណ្យជាតិផ្សេងៗ។

បន្ទាប់មក ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់បានប្រារព្វពិធីសាសនា ដឹកនាំដោយលោកអាចារ្យ តាមគន្លងព្រះពុទ្ធសាសនា ប្រពៃណីជាតិខ្មែរ ដែលដូនតាខ្មែរជំនាន់មុនបានបន្សល់ទុកតៗគ្នាជារៀងរហូតមកដល់បច្ចុប្បន្ន។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤,១៥,១៦ ខែមេសាឆ្នាំ ២០២៥មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកលេង «សង្រ្កាន្តបាត់ដំបង» មានចំនួន ១,៧៤១,៧៩៥នាក់ ក្នុងនោះមានភ្ញៀវជាតិ ១,៧៣៨,៩០៦នាក់ និងភ្ញៀវអន្តរជាតិ ២,៨៨៩នាក់៕