ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី រយៈពេល៣ថ្ងៃ ខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិ និងភ្ញៀវបរទេសជាង ១លាននាក់ មកលេងកម្សាន្ត

ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិ និងភ្ញៀវបរទេសមកលេងកម្សាន្តជាង ១លាននាក់ ក្នុងនោះមានភ្ញៀវបរទេសជិត ១ពាន់នាក់ផងដែរ។

ក្នុងនោះនៅថ្ងៃចុងក្រោយគឺនៅថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៥ នៃថ្ងៃបិទបញ្ចប់កម្មវិធីបុណ្យចូលឆ្នាំ មានប្រជាពលរដ្ឋសម្រុកមកលេងកម្សាន្តនៅទូទាំងខេត្ត រហូតទៅដល់ជិត ៧០ម៉ឺននាក់ ចំនួននេះគឺច្រើនជាងថ្ងៃទី១ និងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំ។ កំណើនភ្ញៀវជាតិ និងភ្ញៀវបរទេសមកលេងកម្សាន្តយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ គឺដោយសារតែប្រទេសមានសុខសន្តិភាព ពិសេសគឺមានការយកចិត្តទុកដាក់ខិតខំការពារ និងថែរក្សានូវសុខសុវត្ថិភាពពីកម្លាំងសមត្ថកិច្ច ដែលធ្វើយ៉ាងណាបង្កភាពសប្បាយរីករាយ និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ «ក្នុងខេត្តកំពង់ឆ្នាំង រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០ ២៥ ដោយមានភ្ញៀវជាតិ និងភ្ញៀវបរទេសមកលេងកម្សាន្តសរុបចំនួន ១៤៣២,៦៨៩នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៧៨៩នាក់»។

ក្នុងនាមលោកជាថ្នាក់ដឹកនាំនៃមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោកមានមោទនភាពយ៉ាងក្រៃលែងដែលខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវជាតិ និងភ្ញៀវបរទេ សមកលេងកម្សាន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលពុំធ្លាប់មានពីមុនមក។ ក្នុងនាមលោកជាថ្នាក់ដឹកនាំនៃមន្ទីរទេសចរណ៍ខេត្ត និងជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងមូលដ្ឋាន និងបានអញ្ជើញមកពីតាមបណ្ដាខេត្តផ្សេងៗរួមទាំងភ្ញៀវបរទេសផង ដែលបានចូលរួមមកលេងកម្សាន្តក្នុងមហាព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២ ៥៦៩ គ.ស.២០២៥ ក្នុងខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តទៅអស់រយៈពេល៣យប់៣ថ្ងៃ ពោរពេញទៅដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង និងប្រកបទៅដោយសុខសុវត្ថិភាព នេះក៏ដោយសារមានការយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈពីសមត្ថកិច្ច និងស្របទៅតាមសង្គមជាតិមានសន្តិភាពពេញលេញផងនោះធ្វើឱ្យប្រជាពលរដ្ឋនៅគ្រប់ទិសទីដើរលេងកម្សាន្តទាំងយប់ទាំងថ្ងៃ ដោយមិនមានការបារម្ភនោះឡើយ។

ជាចុងក្រោយលោកអនុប្រធានមន្ទីរទេសចរណ៍ សូមជូនពរដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងភ្ញៀវបរទេសផងដែរ ក្នុងឱកាសឆ្នាំថ្មីនេះសូមឱ្យជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឱ្យការធ្វើតំណើរត្រឡប់ទៅលំនៅដ្ឋានវិញប្រកបដោយសុខសុវត្ថិភាព និងជួបគ្នានៅឆ្នាំក្រោយទៀត។

សមត្ថកិច្ចបានបញ្ជាក់ផងដែរថា ក្នុងមហាព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល៣ថ្ងៃកន្លងទៅនេះ ក្នុងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានខិតខំយកចិត្តទុកដាក់ការពារ និងថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋលេងកម្សាន្ត ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដែលជាលទ្ធផលគឺពុំមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់នោះឡើយ៕