ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Jamieson Greer ប្រធាន តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូន ឯកឧត្តមប្រធានាធិបតី Donald J. Trump ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបានបង្ហាញសុច្ឆន្ទៈសុំបើកការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ ភាគីទាំងពីរបានពិភាក្សា លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងបានផ្ដល់សារៈសំខាន់លើឆន្ទៈក្នុងការចូលរួម កិច្ចសន្ទនាដោយបើកទូលាយ និងស្មារតីស្ថាបនា ដែលជាមូលដ្ឋានដើម្បីបន្ត ការចរចាឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មដោយសមធម៌ និងតុល្យភាព។ ភាគីទាំងពីរបានឯកភាព បន្តការពិភាក្សាក្នុងអំឡុងពេលឆាប់ៗខាងមុខនេះ៕
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ចកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ។ ក្រុមការងារចំពោះកិច្ចនេះ ត្រូវដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធាន , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអនុប្រធាន រួមជាមួយសមាជិក៧រូបផ្សេងទៀត។
ក្រុមការងារចំពោះកិច្ចនេះ ជាសេនាធិការជូននាយករដ្ឋមន្ត្រី និងមានភារកិច្ច ដូចជា សម្របសម្រួល ចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក, សម្របសម្រួល និងជំរុញការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជា ,សហការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតកម្ពុជាប្រចាំ សហរដ្ឋអាម៉េរិក និងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ,សិក្សា វាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍នៃលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល និងអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕
អត្ថបទ៖ ពុទ្ធិកា