សារព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាសរសើរពីការរៀបចំ SEA Game របស់ កម្ពុជា

អស់រយៈពេលប្រហែល ៦០ឆ្នាំ កម្ពុជាទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA Game ហើយចំពោះការធ្វើជាម្ចាស់ផ្ទះលើកដំបូង នៃព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ កម្ពុជាទទួលបាន ការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ស្ថាប័នព័ត៌មានអន្តរជាតិធំៗ។

ក្នុងនោះមានដូចជា ក្រុមហ៊ុនសារព័ត៌មាន Rappler, Channelnewsasia, South China Morning Post និង The Straits Times សុទ្ធតែបានសរសើរពីការរៀបចំដ៏ឱឡារិកនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA Game លើកទី ៣២ សារនេះ។

សារព័ត៌មានធំៗទាំងនេះ សុទ្ធតែពណ៌នាសរសើរ ទាំងការរៀបចំកីឡដ្ឋានប្រកួត ការទទួលបដិសណ្ឋារកិច្ចទាំងនៅ ព្រលានយន្តហោះ និងនៅសណ្ឋាគារ ជាពិសេសក្រុមកីឡាករបរទេសបានសរសើរពីការរៀបចំទទួលម្ហូបអាហារ ពី សំណាក់ម្ចាស់ផ្ទះដែលមានយ៉ាងសំបូរហូរហៀរ។

សូមជម្រាបដែរថា ម្ចាស់ផ្ទះកម្ពុជា សម្រាប់ព្រឹត្តិការណ៍ SEA Game លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ បានបើកទ្វារស្វាគមន៍ ក្រុមកីឡាករប្រហែល ១២ ០០០ នាក់ មកពី១១ប្រទេស។

ជាមួយការរៀបចំព្រឹត្តិការណ៍នោះទៀតសោត ទាំងប្រជាជនកម្ពុជានៅក្នុងស្រុក និងក្រៅប្រទេស ក៏ដូចជាភ្ញៀវអន្តរជាតិ បានសម្ដែងការសាទរជាមួយប្រទេសកម្ពុជា ដែលជាប្រទេសតូចប៉ុន្តែ បេះដូងធំ ពោលសំបុត្រចូលរួម ទស្សនាការប្រកួតនីមួយៗ គឺចែកដោយសេរីមិនគិតប្រាក់កាស ស្របពេល ដ្ឋាភិបាល ក៏ចេញថ្លៃចំណាយទាំងអស់ សម្រាប់ក្រុមកីឡាករទាំងឡាយដែលចូលរួមព្រឹត្តិការណ៍ដ៏ធំសំបើមមួយនេះ៕