ធ្វើជាពលរដ្ឋឌីជីថលល្អ កុំបង្កើតនិងកុំចែកចាយព័ត៌មានក្លែងក្លាយ

“គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ នាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម ព្រមទាំងអាចបង្កព្យសនកម្ម និងមហន្តរាយដែលមិនអាចនឹកស្មានដល់”។ នេះជាការលើកឡើង របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។

ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែមថា៖ “នៅពេលប្រើប្រាស់បណ្តាញសង្គម ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់ទម្លាប់ល្អ ៤យ៉ាង ដែលអាចឱ្យខ្លួនចៀសផុតពីការរងគ្រោះដោយសារការចែកចាយព័ត៌មានប្រកបដោយគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ ទម្លាប់ល្អទាំង៤នោះគឺ៖

ទី១. បោះបង់ចោលការចែកចាយព័ត៌មានបន្តលឿនពេក មុននឹងចែកចាយបន្តទៀតត្រូវផ្តល់វេលាបន្តិចសិនដើម្បីអានព័ត៌មាននោះឱ្យស្រួលបួល ហើយត្រូវផ្ទៀងផ្ទាត់ព័ត៌មាននោះប្រសិនបើខ្លឹមសារមិនសមហេតុផល ឬសង្ស័យថាអាចជាព័ត៌មានក្លែងក្លាយ។

ទី២. កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ ពោលគឺត្រូវស្វែងរកការបញ្ជាក់ភាពសុក្រឹត ពីប្រភពយ៉ាងហោចពីរផ្សេងទៀត ដោយអាន និងផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការរដ្ឋឬឯកជន តាមគេហទំព័រ ទូរទស្សន៍ វិទ្យុ និងបណ្តាញផ្សាយឌីជីថលផ្លូវការរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការទាំងនេះ ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវទុកចិត្តបានមុននឹងចែកចាយបន្ត។ ប្រភពផ្សាយព័ត៌មានបែបអាជីពដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ឬប្រភពព័ត៌មានផ្លូវការផ្សេងទៀត។

ទី៣. ចាប់យកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការរដ្ឋ និងឯកជន ទាំងប្រពៃណី និងទំនើប និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ជាប្រភពអាទិភាព សម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ហើយត្រូវលើកទឹកចិត្តដល់អ្នកដទៃទៀតឱ្យធ្វើដូច្នេះដែរ។

ទី៤. ចែករំលែក ផ្សព្វផ្សាយតែព័ត៌មានពិត វិជ្ជមាន មានប្រភពច្បាស់លាស់ សម្រាប់ជាប្រយោជន៍ដល់គ្រួសារ អ្នកនៅជុំវិញខ្លួន និងខ្លួនឯងផ្ទាល់ និងផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់ការរួមចំណែកក្នុងការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គម។

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍សង្កត់ធ្ងន់ទៀតថា៖ «យើងទាំងអស់គ្នាត្រូវចងចាំថា «ពាក្យចចាមអារ៉ាម ឬការគ្រាន់តែចែកចាយតៗគ្នា ឬការគ្រាន់តែឮគេថា» ជាព័ត៌មានដែលមិនទាន់អាចយកជាការបាននៅឡើយទេ លុះត្រាតែព័ត៌មានទាំងនេះត្រូវបានបញ្ជាក់ដោយប្រភពផ្លូវការច្បាស់លាស់ណាមួយសិន ឧទាហរណ៍ការផ្សាយផ្លូវការ ឬការចេញសេចក្តីរាយការណ៍ព័ត៌មានផ្លូវការដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។

យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដឹកនាំដោយក្រសួងព័ត៌មាន មានគោលដៅធានា និងការពារសិទ្ធិ និងសុវត្ថិភាពក្នុងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ រួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម។

សូមប្រជាពលរដ្ឋ អ្នកប្រើប្រាស់ អ្នកបង្កើតមាតិកាលើបណ្តាញសង្គម និងអ្នកចែកចាយព័ត៌មានបែបឌីជីថលទាំងអស់ ចូលរួមទប់ស្កាត់ និងឈានទៅបញ្ចប់ការចរាចរព័ត៌មានក្លែងក្លាយក្នុងសង្គម ដើម្បីការពារខ្លួនយើង គ្រួសារ និងសង្គមជាតិ៕