តាមសំណើរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថៃ​ឯកភាព​លើកលែង​ការយកកម្រៃ​សេវ៉ា​ចេញចូល ពី​ពលករ​ខ្មែរ​ដែល​មកលេង​ស្រុកនៅថ្ងៃ​ចូល​ឆ្នាំ

តបតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលថៃ​បានឯកភាព​លើកលែង​ការយកកម្រៃ​សេវ៉ា​ចេញចូល(re-entry fee) ពី​ប្រជាពលករ​ខ្មែរ​ដែលត្រឡប់​មកលេង​ស្រុកកំណើត​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នា​ឆ្នាំនេះ ដែល​អនុវត្ត​ចាប់​ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏ស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅតាមបណ្ដាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ខិតខំយកចិត្តទុកដាក់ជួយសម្រួលដល់លំហូររបស់ប្រជាពលរដ្ឋដែលធ្វើដំណើរចូលមក​ប្រទេស​ ដើម្បី​អបអរសាទរឆ្នាំថ្មី និងធ្វើដំណើរត្រឡប់ទៅវិញក្រោយពេលចូលឆ្នាំ ជាពិសេសគឺមិនឱ្យមានការយកកម្រៃនោះទេ។

គួររម្លឹកថា នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ពលករខ្មែរបានសម្រាកពីការងារ ជាច្រើនកុះករ បានវិលត្រលប់ពីប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ នានា ដើម្បីធ្វើដំណើរត្រឡប់មកលេងស្រុកកំណើត ជួបជុំគ្រួសារ សាច់ញាតិ បងប្អូន ខណៈពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់។

ក្នុងឱកាសត្រឡប់ជួបជុំគ្រួសារដ៏សប្បាយរីករាយនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ដល់បងប្អូនពលករដែលបានធ្វើដំណើរចូលនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយជួយសម្របសម្រួល ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូល នោះទេ។ បងប្អូនពលករខ្មែរសប្បាយចិត្តជាខ្លាំងនៅពេលដែលត្រលប់មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំដោយពុំមានការចំណាយលើថ្លែសេវាអស់ទាំងនេះ ដែលជាការជួយសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករវិលមកលេងស្រុកកំណើត។

ទន្ទឹមនេះដែរ ក្រុមការងាររបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ក្រុមការងារនៃច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ និងអាជ្ញាធរថៃ នៅបន្តរង់ចាំជួយសម្របសម្រួលអន្តរាគមន៍នានា ដោយមានការចែកភេសជ្ជៈ ទឹកសុទ្ធ នំផ្អែម នំប៉័ង ជូនបងប្អូនជាបន្តបន្ទាប់ អំឡុងពេលបងប្អូនពលករខ្មែររង់ចាំបំពេញឯកសារផ្សេងៗផងដែរ៕