រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុម​ការងារចំពោះ​កិច្ចស​ម្រ​បស​ម្រួល​ទំនាក់ទំនងពាណិជ្ជកម្ម ​និងវិនិយោគទ្វេភាគីជាមួយអាមេរិក

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មនាយករដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ចកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ។

ក្រុមការងារចំពោះកិច្ចនេះ ត្រូវដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធាន , លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាអនុប្រធាន រួមជាមួយសមាជិក៧រូបផ្សេងទៀត។

សេចក្តីសម្រេច ក៏កំណត់ឲ្យក្រុមការងារចំពោះកិច្ចនេះ ធ្វើជាសេនាធិការជូននាយករដ្ឋមន្ត្រី និងមានភារកិច្ច ដូចជា សម្របសម្រួល ចរចា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក, សម្របសម្រួល និងជំរុញការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជា ,សហការសម្រប​សម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថានទូតកម្ពុជាប្រចាំ សហរដ្ឋអាម៉េរិក និងសភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ,សិក្សា វាយតម្លៃ លើកយោបល់ និងធ្វើរបាយការណ៍នៃលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល និងអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

ក្រុមការងារចំពោះកិច្ចនេះ ត្រូវប្រជុំតាមការចាំបាច់។ អនុប្រធាននិងសមាជិកនៃក្រុមការងារចំពោះកិច្ចនេះ ត្រូវចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់ប្រធាន ឬអនុប្រធានតាមការប្រគល់សិទ្ធិពីប្រធាន។ ក្នុងករណីអវត្តមាន ប្រធានអាចប្រគល់សិទ្ធិជូនអនុប្រធាន ដើម្បីដឹកនាំកិច្ចប្រជុំជំនួស។

ក្រុមការងារចំពោះកិច្ចនេះ មានសិទ្ធិអញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍ និងជំនាញការនានា ចូលរួមប្រជុំ និងផ្តល់យោបល់តាមការចាំបាច់ផងដែរ៕