សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញសួរសុខទុក្ខនាំយកភេជ្ជៈផ្លែឈើនិងថវិកាជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លួត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដោយការដួលប៉ះទង្គិចប្រព័ន្ធប្រសាទ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកនិងការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកជំទាវបណ្ឌិតសភាចារ្យ និងសូមថ្លែងអំណរគុណ ចំពោះគុណបំណាច់ដ៏ធំធេងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ដែលកន្លងមកបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មាតី ខិតខំបម្រើឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជនគ្រប់រូប។ មិនត្រឹមតែប៉ុណ្ណោះទេព្រឹទ្ធាចារ្យបានជួយបណ្តុះបណ្តាលអប់រំទូន្មានប្រៀនប្រដៅដល់បញ្ញាវនគ្រប់រូបប្រកបដោយព្រហ្មវិហារធម៌ ទឹកចិត្តសន្តោសប្រណីថ្លៃថ្លារហូតបានក្លាយជាថ្នាក់នាំនិងជាមូលធនមនុស្សដ៏ល្អសម្រាប់សង្គមជាតិ។
ជាមួយគ្នានេះលោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលយកចិត្តទុកដាក់ក្នុងការព្យាបាលជូនលោកជំទាវបណ្ឌិតសភាចារ្យ និងសូមគោរពជូនពរលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ឆាប់បានជាសះស្បើយពីជំងឺ មានសុខភាពល្អ និងកម្លាំងមាំមួនឡើងវិញ៕

