«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ កម្មវិធីពិសេសនេះ មានគោលបំណងជំរុញឱ្យមានការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំប្រជាជនយើងឱ្យទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់ភូមិភាគឦសាន។

សម្ដចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់លក្ខណៈពិសេសសម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន រួមមាន ៖
ទី១. ការផ្តល់ការលើកទឹកចិត្តលើសលុបដែលលើសពីច្បាប់វិនិយោគ ហើយបើកវិសាលភាពធំទូលាយ រួមទាំងការងារពាក់ព័ន្ធនឹងពន្ធ។
ទី២. យន្តការច្រកចេញចូលតែមួយ ដោះស្រាយបញ្ហានៅនឹងកន្លែង ដែលវិនិយោគិន អាចដាក់ពាក្យស្នើសុំការអនុម័តគម្រោង និងលិខិតស្នាមពាក់ព័ន្ធផ្សេងៗទៀត ជាមួយនឹងក្រុមការងារតែម្តង ។
ទី៣.ការជំរុញវិនិយោគិនក្នុងស្រុកនិងសហគ្រាសធុនតូច និងមធ្យម ដោយបានបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគ ។
ទី៤. ការផ្តល់ហិរញ្ញប្បទានគាំទ្រ ដោយរាជរដ្ឋាភិបាលនឹងត្រៀមថវិកាមួយចំនួន ដើម្បីដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ។
និងទី៥. ការខិតខំជំរុញធនធានមនុស្សគាំទ្រ ដោយរាជរដ្ឋាភិបាលបានសម្រេចផ្តល់ការលើកទឹកចិត្ត ដោយកំណត់លក្ខខណ្ឌលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជាជនជាតិខ្មែរ ដែលទទួលបានប្រាក់បៀវត្សប្រចាំខែ ស្មើនឹង ឬតិចជាង ២ លានរៀល និងបម្រើការងារនៅក្នុងគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ( គ.ល.គ.) ដែលមានប្រតិបត្តិការក្នុងខេត្តណាមួយ នៃខេត្តទាំងបួន នៅភូមិភាគឦសាន ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីពិសេសនេះ គឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការខិតខំពង្រីក និងចែកចាយផលលាភ ពីកំណើនសេដ្ឋកិច្ច ទៅដល់គ្រប់មជ្ឈដ្ឋាននៃប្រជាជនខ្មែរ ៕